ខ្សែការពារ Sergio Ramos ក្នុងថ្ងៃនេះ បានបង្ហើបថា ខ្លួនអាចទៅលេងបាល់ទាត់ ជាមួយ Andres Iniesta នៅប្រទេសចិន នាពេលខាងមុខ។
ក្រោយជំនួប El Clasico ដែលបានបញ្ចប់ក្នុងលទ្ធផល ២ ទល់នឹង ២ កីឡាករអេស្ប៉ាញ Ramos បាននិយាយលាយជាមួយការសើចថា៖ "ខ្ញុំ និង Iniesta អាចជួបគ្នា នៅចិនរយៈពេល នៅ ២ ឬ ៣ឆ្នាំទៀត"។ ទោះជាយ៉ាងណា ខ្សែការពារវ័យ ៣២ឆ្នាំ រូបនេះ មិនបានបកស្រាយឲ្យលម្អិតឡើយ ទាក់ទិននឹងការផ្ទេរទៅលេងនៅចិននេះ។
សូមបញ្ជាក់ផងដែរ កាលពីចុងខែមេសា កន្លងទៅ ខ្សែបម្រើ Andres Iniesta បានប្រកាសចាកចេញពី Barcelona នៅពេលរដូវកាល ២០១៧/១៨ ចប់។ បើតាមរបាយការណ៍ជាច្រើនចុះផ្សាយចុងក្រោយ កីឡាករអេស្ប៉ាញវ័យ ៣៣ឆ្នាំ អាចទៅលេងនៅចិន។ ក្នុងជំនួប Barcelona-Real Madrid យប់មិញ ដែលជាជំនួប El Clasico លើកចុងក្រោយរបស់ Iniesta នៅពេលដូរចេញនៅនាទី ៥៨ កីឡាករបានទទួលការងើបឈរអបអរទាំងពីសំណាក់អ្នកគាំទ្រពីខាងក្លឹបគូប្រជែងទាំងពីរ៕
ដកស្រង់ពី៖ Sabay