Social Network

ពិត​ទេ Real Madrid ធ្លាប់​ចង់​បាន Iniesta?

ខ្សែបម្រើ Andres Iniesta បានអះអាងថា Real Madrid ធ្លាប់មានបំណងចង់បានខ្លួន។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន El Hormiguero អតីតកីឡាករ Barcelona បាននិយាយថា៖ "មានពេលមួយចំនួន ដែល (Real) Madrid ចង់បានខ្ញុំ។ តាមពិតទៅ គ្មានការចរចាផ្លូវការនោះទេ ប៉ុន្តែខ្ញុំដឹងថាក្លឹបនោះចង់បានខ្ញុំ ប៉ុន្តែខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថាខ្ញុំចង់មានអាជីពជោគជ័យនៅ Barcelona"។

ទោះជាយ៉ាងណា Iniesta មិនបានបកស្រាយបន្តឲ្យច្បាស់នោះទេ ថាតើនៅពេលណាខ្លះ Real Madrid ទាក់ទងខ្លួននោះទេ។បន្ថែមពីការអះអាងខាងលើ កីឡាករអេស្ប៉ាញបានលើកឡើងថា អាជីពរបស់ខ្លួននាពេលដំបូងៗ(អំឡុងឆ្នាំ ២០០២) នៅ Barcelona មិនមានងាយស្រួលនោះទេ។ យ៉ាងនេះក្ដី កីឡាករនៅតែមានការប្ដេជ្ញាចិត្តចំពោះក្លឹប។

កីឡាករបាននិយាយថា កាលនោះ ខ្លួនសុខចិត្តលេង ១០ នាទីឲ្យ Barcelona ជាជាងលេងច្រើននាទីឲ្យក្លឹបផ្សេង។ សូមបញ្ជាក់ផងដែរ កីឡាករ Iniesta ជាកីឡាករបង្គោលរបស់ក្លឹបអ្នកមានបុណ្យអស់រយៈពេលជាច្រើនឆ្នាំ និងបានឈ្នះពានធំៗជាច្រើនជាមួយក្លឹប។ កាលពីពេលថ្មីៗនេះ ខ្សែបម្រើវ័យ ៣៤ឆ្នាំ ទើបបានចាកចេញពីក្លឹបយក្សអេស្ប៉ាញ មកចូលរួមជាមួយក្លឹបជប៉ុន Vissel Kobe៕

ដកស្រង់ពី៖ Sabay