Social Network

ស្រួង ភាវី ប្ដេជ្ញា​លើក​ទង់​ជាតិ​ខ្មែរ​​ក្នុង​ព្រឹត្តិការណ៍​​​ស្នូកឃ័រ​ពិភព​លោក

កីឡាការិនីជម្រើសជាតិប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ស្រួង ភាវី បានប្ដេជ្ញាចិត្តយកឲ្យបានលទ្ធផលល្អណាមួយ ដើម្បីឲ្យពិភពលោកបានឃើញទង់ជាតិខ្មែរបង្ហោះក្នុងកម្មវិធីប្រកួតកីឡាស្នូកឃ័រពិភពលោកនៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសទួរគី។

កីឡាការិនីមានដើមកំណើតមកពីខេត្តត្បូងឃ្មុំរូបនេះ មានក្ដីស្រមៃចង់ប្រកួតតំណាងឲ្យកម្ពុជាជាយូរមកហើយ។ កាលពីពេលថ្មីៗនេះ ភាវី ក៏បានទទួលសិទ្ធប្រកួតតំណាងឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ។ ក្រោយមានឈ្មោះបានប្រកួតតំណាងឲ្យកម្ពុជាក្នុងកម្មវិធីពិភពលោកខាងលើ កីឡាករការិនីដែលជាជើងខ្លាំងប្រចាំទៅកូរ៉េរូបនេះបានឲ្យដឹងថា ខ្លួនមានក្ដីស្រមៃដ៏ធំមួយគឺចង់បង្ហូតទង់ជាតិខ្មែរនៅចំកណ្ដាលក្នុងព្រឹត្តិការណ៍ពិភពលោក។

ដោយឡែកសម្រាប់ឲ្យកាសក្នុងការបានទៅចូលរួមលើកដំបូងក្នុងកម្មវិធីពិភពលោកតំណាងឲ្យកម្ពុជាលើកនេះ ភាវី បានប្ដេជ្ញាចិត្តថា នឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្ហូតទង់ជាតិខ្មែរក្នុងកម្មវិធីខាងលើ ដែលជាក្ដីស្រមៃរបស់ខ្លួន។ ភាវី បន្ថែមទៀតថា ខ្លួនពិតជាមានមោទនភាពដែលបានចូលរួមប្រកួតព្រឹត្តិការណ៍ដ៏ធំខាងលើ តំណាងឲ្យកម្ពុជា។ ស្រួង ភាវី ជាជើងខ្លាំងជាប់ចំណាត់ថ្នាក់លេខ ៣ ប្រចាំនៅប្រទេសកូរ៉េ៕

ដកស្រង់ពី៖ Sabay