Social Network

ស្រី​ពៅ ​រំភើប​ផង ភ័យ​ផង ​​ក្នុង​ការ​បង្ហាញ​ខ្លួន​សង្វៀន ONE លើក​ដំបូង

កីឡាការិនី នៅ ស្រីពៅ នឹងត្រូវឡើងសង្វៀន ONE នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងបាងកកប្រទេសថៃ ដែលត្រូវតទល់ជាមួយអ្នកប្រដាល់ប្រចាំសង្វៀនមួយនេះ Rika។

ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិប្រដាល់សកលឆ្នាំ២០១៨ រូបនេះបានឲ្យដឹងថា មានអារម្មណ៍រំភើបផង ភ័យផងក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងសង្វៀននេះ។ ភ័យនោះគឺភ័យ ត្រង់ខ្លួនត្រូវតទល់ជាមួយអ្នកខ្លាំងប្រចាំសង្វៀន ONE ហើយរំភើប ព្រោះខ្លួនបានឡើងសង្វៀននេះជាលើកដំបូងក្នុងអាជីពប្រដាល់។

ទាក់ទងបច្ចេកទេសប្រកួតលើសង្វៀនវិញ ស្រីពៅ បានតាំងចិត្តថា នឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត។ ដៃគូរបស់ខ្លួនមានចំណុចល្អ ចាប់ឃ្លេក្រោម និងចំណុចខ្សោយត្រង់មុខ បន្ទាប់ពី ស្រីពៅ បានសិក្សាយ៉ាងយកចិត្តទុកដាក់។

សម្រាប់រយៈពេលដែលនៅសល់កីឡាការិនីរូបនេះជឿថា នឹងអាចហ្វឹកហាត់ទាន់ពេលវេលា ដើម្បីទប់ទល់ដៃគូដ៏ខ្លាំងមួយនេះ។ ស្រីពៅ មិនបានបង្ហាញទំនុកចិត្តខ្ពស់ពេកទេ ក្នុងការប្រកួតខាងមុខ ត្រឹម ៥០% ប៉ុណ្ណោះ។ យ៉ាងណាមិញ ស្រីពៅ សម្គាល់ឃើញថា ឱកាសដែលអាចឲ្យខ្លួនយកឈ្នះអ្នកប្រដាល់ថៃ Rika គឺត្រូវវាយប្រយោលឲ្យបានច្រើនជាងចូលកៀក។

នៅ ស្រីពៅ និង ឡៅ ចិត្រា ជាអ្នកប្រដាល់ទៅចូលរួមប្រកួតព្រឹត្តិការណ៍ ONE ដំណាងឲ្យកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់ក្លឹបប្រដាល់ Cambodian Top Team៕

ដកស្រង់ពី៖ Sabay