Social Network

សហព័ន្ធ​កីឡា​ហែលទឹកបណ្តុះបាន​គ្រូ​កម្រិត​មូលដ្ឋាន៣០​នាក់ទៀតហើយ

ដើម្បីពង្រីកធនធានបន្ថែមទៀតនោះ សហព័ន្ធខ្មែរកីឡាហែលទឹកបានបើកវគ្គសិក្សាគ្រូកម្រិតមូលដ្ឋានរយៈពេល៣ថ្ងៃ ទើបតែបញ្ចប់ល្ងាចម្សិលមិញនេះនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានសិក្ខាកាម៣០នាក់ចូលរួម។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ជាផែនការរបស់ប្រធានសហព័ន្ធគឺត្រូវព្យាយាមបណ្តុះបណ្តាលធនធានបន្ថែមជានិច្ចទៅតាមអ្វីដែលអាចធ្វើបាន ដូចជាការបើកវគ្គបង្រៀនគ្រូកម្រិត១-២-៣ ជាដើម។ ការបណ្ដុះបណ្ដាលគ្រូបានច្រើនជាការល្អក្នុងការជួយបង្ហាត់បង្រៀនសិស្សនៅតាមកន្លែងផ្សេងៗ មានភាពងាយស្រួលមួយសម្រាប់សហព័ន្ធស្វែងរកធនធានកីឡាករ កីឡាការិនីកាន់តែច្រើន។

អតីតកីឡាករហែមទឹករូបនេះបន្ថែមទៀតថា ហេតុផលខាងលើនេះហើយ ទើបសហព័ន្ធបានបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋានជាលើកទី២ ហើយនៅឆ្នាំក្រោយៗទៀតនឹងព្យាយាមបង្កើតវគ្គសិក្សាឲ្យបានច្រើនដងជាងនេះ។ ចំណែកសិក្ខាកាមដែលចូលរួមលើកនេះវិញ គឺជ្រើសរើសដោយផ្ទាល់ពីសហព័ន្ធតាមរយៈការពិនិត្យមើលឃើញថា ពួកគាត់ជាអ្នកចង់ចេះ និងចង់អភិវឌ្ឍខ្លួន ស្រឡាញ់វិស័យកីឡាមួយនេះពិតប្រាកដ។

សហព័ន្ធខ្មែរកីឡាហែលទឹកបានបើកវគ្គសិក្សាកម្រិតមូលដ្ឋានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានសិក្ខាកាមចូលរួមចំនួន៣០នាក់ មកពីមន្ទីរអប់រំកាយខេត្ត គរុសិស្សមកពីវិទ្យាស្ថានអប់រំកាយ និងកីឡាករ កីឡាការិនីផងដែរ។ នេះជាលើកទី២ហើយដែលសហព័ន្ធបើកវគ្គសិក្សានេះឡើង៕

ដកស្រង់ពី៖ Sabay