Social Network

ល្ងាច​នេះ​ ពេជ្រ ម្ទេស​ខ្មាំង ប៉ះ​ជើង​ខ្លាំង​វៀតណាម​ មានអាវុធល្អម្យ៉ាងម្នាក់

អ្នកលេងកណ្ដាប់ដៃ ពេជ្រ ម្ទេសខ្មាំង នឹងត្រូវតទល់ជាមួយអ្នកលេងក្បាច់គុន Nguyen Tran Duy Nhat របស់ប្រទេសវៀតណាមក្នុងកម្មវិធី WLC ដែលការប្រកួតនឹងចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាចតទៅនៅទឹកដីមីយ៉ាន់ម៉ា។

ពេជ្រ ម្ទេសខ្មាំង និង Nguyen Tran Duy Nhat មានអាវុធល្អម្យ៉ាងម្នាក់ និងមានគោលជំហរវ៉ៃដូចគ្នា។ ជើងខ្លាំងកម្ពុជាមានកណ្តាប់ដៃវ៉ៃចេញបានល្អដែលជាអាវុធដ៏ល្អរបស់គេ ប៉ុន្តែការទាត់ និងកែងក៏ជាស្នៀតដ៏សំខាន់ផងដែរ។ នេះជាលើកទី២ហើយដែលអ្នកលេងគុនខ្មែរទៅវ៉ៃនៅលើទឹកដីមីយ៉ាន់ម៉ា ខណៈលើកទី១បានឈ្នះកីឡាករម្ចាស់ផ្ទះដោយពិន្ទុ។

កីឡាករវៀតណាម Nguyen Tran Duy Nhat ក៏មានបទពិសោធប្រកួតលើឆាកអន្តរជាតិច្រើនដែរ។ បើនិយាយពីអាវុធរបស់គេវិញគឺល្អទាត់តែម្យ៉ាងគត់ដែលពេលខ្លះក៏មានឡើងជង្គង់ដែរ។ កណ្តាប់ដៃ និងកែងមិនមានអ្វីដែលធ្វើឲ្យ ម្ទេសខ្មាំងត្រូវបារម្ភខ្លាំងឡើយ។

អ្នកទាំងពីរមានគោលជំហរវ៉ៃពីចម្ងាយ ឬប្រយោលដូចគ្នា ប៉ុន្តែអ្នកលេងគុនខ្មែរអាចមានប្រៀប ប្រសិនបើចូលកៀកដើម្បីចេញកែង និងជង្គង់ ខណៈ កីឡាករវៀតណាមមិនសូវពូកែវ៉ៃកៀកឡើយ។ កាលពីឆ្នាំ២០១៨ ពេជ្រ ម្ទេសខ្មាំង ធ្លាប់បានឡើងសង្វៀន World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ាម្ដងហើយ ដោយពេលនោះទទួលបានលទ្ធផលល្អ ដោយឈ្នះពិន្ទុកីឡាករម្ចាស់ផ្ទះ មីយ៉ាន់ម៉ា Mite Yine ៕

ដកស្រង់ពី៖ Sabay