Social Network

គ្រូ EDC ប្រាប់ហេតុផលរបូត៤គ្រាប់ដោយថ្វីជើងវិសាខា

ក្រុមអគ្គិសនីកម្ពុជាបានប្រកួតចាញ់ក្រុមវិសាខាក្នុងលទ្ធផល ៤-០ ថ្ងៃសៅរ៍ ទី២០ ខែមេសាកន្លងទៅនេះដែលជាការប្រកួតក្នុងសប្តាហ៏ទី៤នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៩។

ការប្រកួត ក្រុមម្ចាស់ផ្ទះបានដាក់សម្ពាធលើក្រុមភ្ញៀវអគ្គិសនីកម្ពុជាដោយបង្កើតឧកាស និងបើកការសម្រុកយ៉ាងខ្លាំងៗ ផ្ទួនៗតែម្តង។ គិតត្រឹមនាទីទី១២ នៃវគ្គទីមួយ វិសាខា បានបំបែកពងមាន់ដោយរកបានមួយគ្រាប់នាំមុខដោយបាល់ Free-kick ធ្វើបានយ៉ាងល្អពីកីឡាករកូរ៉េខាងជើងលេខ៩ Pak Song Chol។

វិសាខារកបាន១គ្រាប់ទៀតក្នុងដើមវគ្គទី២ ដោយបាល់ Free-kick ជាលើកទី២ដោយកីឡាករជើងចាស់ ទិត្យ ឌីណា និងគ្រាប់បន្តបន្ទាប់នៅនាទីទី៦៦ ដោយកីឡាករសញ្ជាតិក្រិក Evangelos Skraparas និងគ្រាប់ចុងក្រោយដែលជាគ្រាប់សរុបលទ្ធផលនោះគឺនៅនាទី៧២ដោយកីឡាករMasaaki Ideguchi។

លោក ប្រាក់ វុទ្ធី គ្រូបង្វឹកអគ្គិសនីកម្ពុជាបានថ្លែងថា ៖«ក្រោយពីចូលឆ្នាំរួចកីឡាករយើង៣នាក់បាត់បង់ការហ្វឹកហាត់ដូចជា សុជា វីឡា កែ វណ្ណះ ឈុត សេងទៀងដែលយើងមិនបានចុះបញ្ជីក្នុងការប្រកួត។ បាត់បង់៣នាក់នេះយើងបាត់បង់កម្លាំងជាច្រើនធ្វើឲ្យយើងខ្វះក្នុងតំបន់ប្រយុទ្ធ។

ដូច្នេះយើងដាក់គោលដៅថា ធ្វើយ៉ាងមិចសុំត្រឹមស្មើ ឬរក្សាគ្រាប់បាល់ឲ្យបានតិច ប៉ុន្តែយើងមិនអាចរក្សាបាន។ ទោះបីជាលទ្ធផល៤-០ ក៏យើងសប្បាយចិត្តដោយសារតែយើងបានប្រឹងប្រែងអស់ពីសមត្ថភាពជាមួយក្រុមខ្លាំង»។

ចំណែក លោក ហុក សុជីវន្ត ពេញចិត្តនឹងលទ្ធផលនេះ។ លោកថា ៖«ដូចខ្ញុំបាននិយាយពីមុនអ៊ីចឹង សម្រាប់ការប្រកួតចូលឆ្នាំហើយ បន្ទាប់ពីត្រឡប់មកវិញនេះគឺថាស្ថិតលើក្រុមណាដែលថែរក្សាកម្លាំងបានល្អជាងគឺក្រុមនោះមានលទ្ធភាពជាង»។

លោកបន្តថា ផលពិបាកនោះគឺក្រុម EDC លេងក្បួនការពារហើយទុកតែម្នាក់តែប៉ុណ្ណេះសម្រាប់វាយបកនៅតំបន់ប្រយុទ្ធដែលធ្វើឲ្យមានការពិបាកសម្រាប់ក្រុមរបស់លោក ប៉ុន្តែយ៉ាងណា វិសាខានៅតែធ្វើបានល្អក្នុងវគ្គទី២ ដោយទទួលបានលទ្ធផលឈ្នះ ៤-០។

ការប្រកួតដែលទទួលបានជ័យជម្នះសប្តាហ៍នេះមិនអាចប្រៀបធៀបជាមួយនឹងការប្រកួតមុនៗបានទេ ពីព្រោះការប្រកួតដែលជួបក្រុមគ្មានកីឡាករបរទេសងាយស្រួលជាង។

ប្រកួតបន្ទាប់ក្នុងសប្តាហ៍ទី៥ អគ្គិសនីកម្ពុជាត្រូវប៉ះព្រះខ័នរាជស្វាយរៀង ហើយ វិសាខាត្រូវប៉ះអង្គរថាយហ្គឺរក្នុងទឹកដីខេត្តសៀមរាប។ លទ្ធផលថ្ងៃសៅរ៍ ទី២០ មេសា ២០១៩ • អាស៊ីអឺរ៉ុប ២-១ គីរីវង់សុខសែនជ័យ ម៉ោង៣:៣០នាទីរសៀល នៅទីលានស្ពតផាក • យុវជន១៨ឆ្នាំបាទី ០-៦ អង្គរថាយហ្គឺរ ម៉ោង៣:៣០នាទីរសៀល នៅទីលានបាទី • វិសាខា ៤-០ អគ្គិសនីកម្ពុជា ម៉ោង៦ល្ងាច នៅទីលានវិសាខា លទ្ធផលថ្ងៃអាទិត្យ ទី២១ មេសា ២០១៩ • ខេត្តកំពង់ចាម ០-៧ បឹងកេត ម៉ោង ៣:៣០នាទីរសៀល នៅទីលានប៊ុនរ៉ានីហ៊ុនសែនមេមត់ • ប៉ូលិស ២-៤ ក្រសួងការពារជាតិ ម៉ោង ៣:៣០នាទីរសៀល នៅទីលានអគ្គិសនីកម្ពុជា • សូលទីឡូអង្គរ ០-១ ណាហ្គាវើល ម៉ោង ៣:៣០នាទីរសៀល នៅទីលានខេត្តសៀមរាប • ព្រះខ័នរាជស្វាយរៀង ៥-១ ភ្នំពេញក្រោន ម៉ោង ៦ល្ងាច នៅទីលានខេត្តស្វាយរៀង។