ក្លឹប Manchester United បានបញ្ជូនក្រុមការងារឲ្យទៅមើលខ្សែប្រយុទ្ធរបស់ Benfica កីឡាករ Joao Felix អំឡុងពេលលេងទល់នឹងក្រុម Maritimo កាលពីថ្ងៃច័ន្ទកន្លងទៅ។
កីឡាករវ័យ១៩ឆ្នាំបានក្លាយជាគោលដៅពិសេសសម្រាប់ក្រុមធំក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវក្ដៅនេះ ក្នុងនោះ Juventus និង Manchester City ក៏បានដាក់ការចាប់អារម្មណ៍ ដោយតម្លៃទិញផ្ដាច់កុងត្រារបស់គេគឺ១០៤លានផោន។ United បានឃ្លាំមើលការរីកចម្រើនរបស់ Felix អស់រយៈពេលជាង១ឆ្នាំមកហើយ ប៉ុន្តែគេទើបតែបង្ហាញភាពចាស់ទុំនៅប៉ុន្មានខែថ្មីៗនេះ។
ក្រុមការងាររបស់ Man Utd លោក Joao Ferreira និង Simon Wells បានទៅអង្គុយមើលការលេងរបស់ Felix ជាមួយក្រុមMaritimo។ ប្រកួតនេះកីឡាករសញ្ជាតិព័រទុយហ្គាល់រកបានពីរគ្រាប់ ក្នុងជ័យជម្នះ ៦-០។ Juventus ធ្លាប់បាននិយាយជាមួយតំណាងរបស់ Felix ខណៈ Man City បានធ្វើការឃ្លាំមើលជាបឋម បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពល្អរកបាន Hat-Trick ទល់នឹង Eintracht Frankfurtនៅ Europa League៕
ដកស្រង់ពី៖ Sabay