Social Network

រតនា​ ស្រីពៅ​ សុខ​ ធី​ ចេញ​ប្រកួត​នេះ​មាន​អត្ថន័យ​ធំធេង​ណាស់​សម្រាប់​កម្ពុជា​

ប្រធានសហព័ន្ធ MMA ឯកឧត្ដម វ៉ាត់ ចំរើន ថាការចេញទៅប្រកួតរបស់ ចាន់ រតនា នៅ ស្រីពៅ និងកីឡាករ សុខ ធី ពិតជាមានអត្ថន័យធំធេងណាស់សម្រាប់ប្រទេសកម្ពុជា បានផ្សព្វផ្សាយពីក្បាច់គុនបុរាណ និងកេរ្តិ៍ឈ្មោះប្រទេសជាតិឲ្យអន្តរជាតិបានស្គាល់។

ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានសហព័ន្ធខាងលើនេះបានឲ្យដឹងថា ការចេញទៅប្រកួតនៅក្រៅប្រទេសរបស់អ្នកទាំង៣នាក់នេះ គឺមិនមែនត្រឹមតែជាការប្រកួតបុគ្គលផ្ទាល់នោះទេ ជាការប្រកួតតំណាងប្រទេស តំណាងឲ្យក្បាច់គុនបុរាណរបស់ខ្មែរ។

ក្បាច់គុនចម្រុះនេះគឺសុទ្ធតែចេញពីក្បាច់គុនបុរាណរបស់ខ្មែរនោះទេ ដូច្នេះការប្រកួតរបស់ រតនា ស្រីពៅ និង សុខ ធី គឺបានជួយលើកមុខមាត់ប្រទេសឲ្យបរទេសបានដឹងថាកម្ពុជាមានក្បាច់គុនផ្ទាល់ខ្លួន និងមានកីឡាករ កីឡាការិនីចូលរួមប្រកួតលើកឆាកអន្តរជាតិផងដែរ។

ប្រធានសហព័ន្ធរូបនេះបន្ថែមទៀតថា សូមឲ្យមហាជនទាំងអស់ជួយគាំទ្រ និងលើកទឹកចិត្តដល់អ្នកទាំង៣នាក់ ដើម្បីជាជំរុញឲ្យពួកគេរឹតតែខិតខំប្រឹងប្រែងប្រកួតទទួលបានជ័យជម្នះនៅពេលខាងមុខនេះ។

ឯកឧត្ដម និងមន្ត្រីសហព័ន្ធទាំងអស់នឹងខំប្រឹងប្រែងធ្វើសកម្មភាពជាបន្តបន្ទាប់ទៀតដើម្បីឲ្យមានភាពរីកចម្រើនបន្ថែម ហើយក៏សូមថ្លែងអំណរគុណដល់អ្នកដែលតែងតែចូលរួមគាំទ្រ លើកស្ទួយវិស័យកីឡាមួយនេះតាំងមុនរហូតដល់បច្ចុប្បន្ននេះ។

រំលឹកដែរថា កម្មវិធីសន្និសីទសារព័ត៌មានស្ដីអំពីការត្រៀមខ្លួនចេញទៅប្រកួតកម្មវិធី One Championship របស់កីឡាករ ចាន់ រតនា នៅ ស្រីពៅ និង សុខ ធី នេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ចាន់ រតនា និង នៅ ស្រីពៅ នឹងត្រូវប្រកួតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី៣ ឧសភា ។

ចំណែក សុខ ធី នឹងត្រូវប្រកួតក្នុងប្រទេសថៃ ថ្ងៃទី១០ ឧសភា ២០១៩៕

ដកស្រង់ពី៖ Sabay