អ្នកស្រី សៀង សុផានី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា នាពេលផ្លាស់ប្ដូរសាសនា ប្រាសាទនេះ ត្រូវបានកែប្រែទៅជា ប្រាសាទសម្រាប់ឧទ្ទិសជូនព្រះពុទ្ធសាសនា ដោយមានចម្លាក់ព្រះពុទ្ធផ្ចាញ់មារចំនួន ៣៧អង្គឆ្លាក់នៅលើជញ្ជាំងខាងក្នុងទាំងបួនទិស។ប្រាសាទតាទួត មានស្រះទឹកចំនួន៣ នៅខាងជើង ខាងត្បូង និងខាងកើត។
ស្រះទឹកនៅខាងកើត កាត់ផ្ដាច់ដោយច្រកមួយ ដែលយាមដោយដំរីធ្វើពីថ្មភក់ចំនួន២ក្បាល។ ប្រាសាទដ៏ស្រស់ស្អាតមួយនេះ នៅមានទម្រង់ល្អសម្រាប់ទេសចរទស្សនា។ ប្រាសាទនេះ ស្ថិតនៅខាងក្រោយប្រាសាទជម ក្នុងក្រុងអង្គរធំ។
ទោះបីមិននៅឆ្ងាយ ក្រុមប្រាសាទព្រះពិធូរ មិនសូវទទួលបានការចាប់ចិត្តពីទេសចរនោះទេ។ ប្រាសាទទាំងនោះ ឈរបង្អួតសម្រស់ក្នុងព្រៃយ៉ាងស្ងប់ស្ងាត់។ ក្រុមប្រាសាទព្រះពិធូរ មានប្រាសាទកោរសក់ ប្រាសាទជម ប្រាសាទតាទូត ប្រាសាទដូនមារ និងប្រាសាទកណ្ដកយក្ស។ ក្រុមប្រាសាទទាំង៥នេះ ស្ថិតនៅខាងក្រោមកន្លែងពិសារអាហារជិតព្រះលានជល់ដំរី។ ទេសចរ អាចដើរទស្សនាប្រាសាទកោរសក់មុនគេ រួចបន្តដំណើរនៅខាងក្រោយប្រាសាទនេះ ដោយមានប្រាសាទជម និងប្រាសាទតាទួត។ បត់ឆ្វេងបន្តិច ទេសចរ នឹងទៅដល់ប្រាសាទកណ្ដកយក្ស និងប្រាសាទដូនមារ៕
ដកស្រង់ពី៖ថ្មីៗ