«សំណេរអង្គរ» រួមចំណែកអភិរក្សសំណេរដោយដៃក្នុងយុគសម័យឌីជីថល

ជាមួយនឹងកំណើននៃការប្រើប្រាស់អេក្រង់ និងឧបករណ៍ឌីជីថល ដូចជា ទូរសព្ទឆ្លាតវៃ និងថេប្លេតជាដើម វាជារឿងមិនអាចគេចផុតនោះឡើយ ដែលយុវជនកាន់តែបោះបង់ចោលនូវទម្លាប់សំណេរបែបប្រពៃណី ហើយបើតាមការសិក្សា និងការវិភាគថ្មីៗជាច្រើន អ្នកពាក់ព័ន្ធខ្លាំងជាងគេ គឺក្រុមមនុស្សដែលកើតនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ៩០ និងដើមឆ្នាំ២០១០។

ការផ្លាស់ប្តូរនេះ មិនត្រឹមតែប៉ះពាល់ដល់ជំនាញអក្សរផ្ចង់តែប៉ុណ្ណោះទេ ប៉ុន្តែក្រុមសាស្ត្រាចារ្យ ក៏បានកត់សម្គាល់ឃើញផងដែរថា និស្សិតនាពេលបច្ចុប្បន្ននេះ តែងតែចៀសវាងឃ្លាប្រយោគវែងៗ ដោយចូលចិត្តតែទម្រង់ខ្លីៗ ដូចទៅនឹងអ្វីដែលពួកគេសរសេរបង្ហោះនៅលើបណ្តាញសង្គមយ៉ាងដូច្នោះដែរ។ ពិតណាស់ លម្អាននេះ បានជះឥទ្ធិពលខ្លាំងដល់សមត្ថភាពក្នុងលើកយកទឡ្ហីករណ៍ពេញលេញ និងសំណេរជាមួយនឹងកថាខណ្ឌច្បាស់លាស់។ ហេតុដូច្នេះហើយ ទើបអ្នកស្រាវជ្រាវបានណែនាំអំពីគំរូកូនកាត់ ដែលជាការអនុវត្តឆ្លាស់គ្នា រវាងបំណិនសំណេរឌីជីថល និងសំណេរដោយដៃ នៅតាមថ្នាក់រៀន។ តែជាមួយគ្នានេះ មនុស្សមួយក្រុមបន្តផ្តល់តម្លៃខ្ពស់លើការអនុវត្តសំណេរដោយដៃ ដោយសង្កត់ធ្ងន់លើសារសំខាន់របស់វា ដែលមិនត្រឹមតែជាការពង្រឹងសមត្ថភាពបច្ចេកទេសប៉ុណ្ណោះឡើយ ប៉ុន្តែក៏ជាឧបករណ៍សម្រាប់ការអភិវឌ្ឍបញ្ញាស្មារតី និងអារម្មណ៍ផងដែរ។

សម្រាប់ក្រុមអ្នកស្រាវជ្រាវជាច្រើនក្នុងវិស័យអប់រំ ការអភិរក្សជំនាញសរសេរដោយដៃ គឺពិតជាមានភាពចាំបាច់ក្នុងការជំរុញភាពច្នៃប្រឌិត គំនិតរិះគន់ស្ថាបនា និងការគិតគូរម៉ត់ចត់ក្នុងចំណោមយុវជនជំនាន់ថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាឌីជីថល ក្នុងនោះមានប៊ិកឆ្លាតវៃឌីជីថល ជាដើមនោះ ក៏អាចជាដំណោះស្រាយដ៏មានសក្តានុពលក្នុងការពង្រឹងសំណេរដៃឡើងវិញ តាមបែបផែនសម័យទំនើប។ នៅកម្ពុជា ការប្រជែងគ្នាខាងសំណេរមិនសូវមានលក្ខណៈសម្បូរបែបនោះឡើយ ប៉ុន្តែបើសារជាសំឡេងវិញ គឺផុសផុលខ្លាំង។

បើតាមឯកសារផ្ទៃក្នុងមួយរបស់ហ្វេសប៊ុក ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ ស្ទើរតែជិតពាក់កណ្តាលនៃចរាចរណ៍សារជាសំឡេងលើពិភពលោក តាមរយៈ Messenger កាលពីឆ្នាំ២០១៨ មានប្រភពមកពីកម្ពុជា។ ក្រុមអ្នកស្រាវជ្រាវ ក៏បានអះអាងផងដែរថា សារសំឡេងទាំងអស់នោះ ក៏មិនជាក់លាក់ចេញពី Messenger ទាំងស្រុងនោះដែរ ប៉ុន្តែតាមកម្មវិធីផ្សេងទៀតដូចជា Telegram ឬ WhatsApp ជាដើម ក្រោមហេតុផលពិបាកលើសំណេរជាភាសាខ្មែរនៅលើក្តារចុច។ យ៉ាងណាក៏ដោយចុះ សំណេរដៃ ត្រូវតែពង្រឹងឡើងវិញ ហើយ «សំណេរអង្គរ» គឺជាការក្រើនរំលឹកដ៏សំខាន់មួយនាយុគសម័យឌីជីថលនេះ។ អាចទេសម្រាប់លោក-អ្នក ក្នុងការដាក់ផែនការសរសេរដោយដៃឱ្យបានម្តងក្នុងមួយសប្តាហ៍?

ដកស្រង់ពី៖ថ្មីៗ