ភ្នំពេញ៖ ពិធីបុណ្យទន្លេលើកទី៩ ក្រសួងទេសចរណ៍ នឹងប្រារព្ធឡើងនៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥។ កម្មវិធីបុណ្យទន្លេឆ្នាំទី៩នេះ នឹងរៀបចំឡើងនៅភូមិសាស្ត្រខេត្តតាកែវ ដែលជាម្ចាស់ផ្ទះទទួលបន្ទុករៀបចំសណ្ដាប់ធ្នាប់ និងសេវាកម្មទេសចរណ៍ ដើម្បីទទួលទេសចរជាតិ និងអន្តរជាតិទៅចូលរួម។រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែមីនាខាងមុខ ព្រឹត្តិការណ៍បុណ្យទន្លេដែលធ្វើឡើងមួយឆ្នាំម្ដង នឹងរៀបចំឡើងនៅសួនច្បារមាត់បឹង ខេត្តតាកែវ។
កម្មវិធីបុណ្យទន្លេលើកទី៩នេះ មានការប្រកួតកីឡាដូចជា កីឡាជិះកង់ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ, រត់កម្សាន្ត ៥០០នាក់ , អុកចត្រង្គ, រែកបាយខុមលោតម៉ឹក, បាល់ទះ , ប៉ូល (បេតង់), ទូក កានូកាយ៉ាក ,បង្ហោះគោមរួមគ្នា ៥០០គោម, គុនខ្មែរ និងកីឡាសម្ដែងប៉ារ៉ាប៉ូទ័រជាដើម។ ជាមួយគ្នានេះ រដ្ឋបាលខេត្តតាកែវ កំពុងបន្តរៀបចំបន្ថែមទៀតដោយសំដៅធ្វើយ៉ាងណាបង្កភាពសប្បាយរីករាយ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ការពារសុវត្ថិភាពដល់ថា្នក់ដឹកនាំ គណៈអធិបតី ប្រតិភូជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។
គួរជម្រាបថា «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា និងដើម្បីជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង។ កន្លងមកព្រឹត្តិការណ៍នេះ បានធ្វើឡើងតាមបណ្ដាខេត្តជាច្រើនហើយ ដោយចេញពីខេត្តក្រចេះ ឆ្នាំ២០១៥, ស្ទឹងត្រែង ឆ្នាំ២០១៦, កំពង់ចាម និងត្បូងឃ្មុំ ឆ្នាំ២០១៧, កណ្ដាល ឆ្នាំ២០១៨, កំពង់ឆ្នាំង ឆ្នាំ២០១៩, បាត់ដំបង ឆ្នាំ២០២០។ តែព្រឹត្តិការណ៍ត្រូវបានផ្អាក នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារជួបវិបត្តិនៃជំងឺកូវីដ-១៩។ លុះដល់ឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងវិញនៅខេត្តកំពង់ធំ និងឆ្នាំ២០២៤នៅខេត្តសៀមរាប៕
ដកស្រង់ពី៖ថ្មីៗ