២ខែដើមឆ្នាំ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៣លានដុល្លារ កើនឡើង១៧ភាគរយ

ភ្នំពេញ៖ រយៈពេល២ខែដើមឆ្នាំ២០២៥ កម្ពុជាទទួលបានប្រាក់ចំណូលចំនួន ១៣ ១៦៧ ៧៧៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ដល់ភ្ញៀវបរទេសចំនួន ២៧៩ ៦០៤នាក់។ ប្រាក់ចំណូលនេះ បានកើនឡើង ១៧ភាគរយ បើប្រៀបធៀបរយៈដូចគ្នានឹងឆ្នាំ២០២៤។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។តាមតួលេខរបស់គ្រឹះស្ថានអង្គរ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានទេសចរបរទេស ១៣៣ ៤៦៤នាក់បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូលចំនួន ៦ ២៦៤ ៣៩៨ដុល្លារ។ ក្រៅពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ កម្ពុជាទទួលបានប្រាក់ចំណូល ៤៨ ១៩៥ដុល្លារ ពីការលក់បណ្ណនៅប្រាសាទកោះកែរ ក្នុងកុម្ភៈខែ ឆ្នាំ២០២៥។ បើតាមគ្រឹះស្ថានអង្គរដដែល ប្រាក់ចំណូលចំនួន ៥៥៩ ២០៨ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ជាមួយគ្នានេះ រយៈពេល២ខែដើមឆ្នាំ២០២៥ គ្រឹះស្ថានអង្គរ រកចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលា ចំនួន ៣៧ ១១០ដុល្លារ, ភ្នំក្បាលស្ពាន ១ ៦៩០ដុល្លារ និងចំណូលពីលក់សំបុត្រទូក ២៤០ ១៤៣ដុល្លារផងដែរ៕

ដកស្រង់ពី៖ថ្មីៗ