២ខែនេះ ទេសចរជាង ៣ម៉ឺននាក់ ទៅទស្សនាប្រាសាទព្រះវិហារ និងកោះកេរ

ភ្នំពេញ៖ រយៈពេល២ខែដើមឆ្នាំ២០២៥ ភ្ញៀវទេសចរជាង ៣ម៉ឺននាក់ បានចូលទស្សនាប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។ ក្នុងនោះ ប្រាសាទកោះកេរ មានទេសចទៅទស្សនាជាង ១ម៉ឺននាក់។

នេះបើតាមសេចក្តីប្រកាសរបស់ អាជ្ញាធរជាតិព្រះវិហារ។គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានទេសចរចំនួន ១៧ ៥០៧នាក់ ដោយភ្ញៀវបរទេសមានចំនួន ៣ ៦៣៧នាក់។ ចំណែក រមណីយដ្ឋានប្រាសាទកោះកេរ មានទេសចរជាតិចំនួន ១៣ ៦៤០នាក់។ ចំពោះទិន្នន័យទេសចរជាង ៣ម៉ឺននាក់នេះ កើនឡើងបើធៀបនឹងចំនួនទេសចរ ទៅទស្សនារមណីយដ្ឋានទាំងពីរនោះក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ដែលទទួលទេសចរ ២ម៉ឺននាក់ប៉ុណ្ណោះ ក្នុងនោះរមណីយដ្ឋានព្រះវិហារមានភ្ញៀវចំនួន ១៤ ៥៧៦នាក់ និងប្រាសាទកោះកេរ មានភ្ញៀវ ១៣ ៥៩២នាក់។

បច្ចុប្បន្ននេះ ក្រុមការងារកំពុងរៀបចំសោភ័ណភាពនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋាន ប្រាសាទព្រះវិហារ ដូចជាកាត់ដើមឈើ និងកាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ នៅទីតាំងសំខាន់ៗ ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងសាធារណជន។

ក្រៅពីនេះ ពេញមួយឆ្នាំ២០២៤ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលភ្ញៀវទេសចរបានចំនួន ២១៨ ០០០នាក់ ក្នុងនោះ រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានទេសចរ ៩២ ១០៣នាក់ និង រមណីយដ្ឋានប្រាសាទកោះកេរ បាន ១២៥ ៩៨៧នាក់។ សូមជម្រាបថា ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ ចំពោះ ប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕

ដកស្រង់ពី៖ថ្មីៗ