ទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុន លើកទី១៣ ឆ្នាំ២០២៥ មានអ្នកចូលរួមរត់ ៥ពាន់នាក់ ដែលជាចំនួនច្រើនជាងឆ្នាំ២០២៤។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ទោះជាទិវានេះ បានធ្វើអំឡុងពេលកម្ពុជា និងថៃ មានវិវាទព្រំដែន ប៉ុន្ដែចំនួនអ្នកចូលរួមជាតិ និងអន្ដរជាតិ បានបង្ហាញថា កម្ពុជា នៅតែស្វាគមន៍ទេសចរ ហើយដំណើរការជីវភាពតាមធម្មតា។លោក ហ៊ុន ម៉ានី បានរត់ចម្ងាយ ២១គីឡូម៉ែត្រក្នុងទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុន នាព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ ដោយទីតាំងចាប់ផ្ដើម និងបញ្ចប់ទីនៅសួនច្បារមុខវត្តបុទុមវត្តី។ ឧបនាយករដ្ឋមន្ដ្រីរូបនេះ សម្លឹងឃើញថា ចំនួនអ្នកចូលរួមច្រើន ខណៈកម្ពុជា និងថៃ កំពុងតានតឹងបញ្ហាព្រំដែន។
កំណើនអ្នកចូលរួមច្រើន រហូតដល់ទៅ៥ពាន់នាក់ មកពី៤២ប្រទេស ត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកថាប្រជាពលរដ្ឋកម្ពុជា នៅតែប្រកបរបរ និងដំណើរការជីវភាពប្រចាំថ្ងៃធម្មតា ហើយកម្ពុជា នៅតែបើកទ្វារស្វាគមន៍ទេសចរគ្រប់ទិសទី ដោយមិនរើសអើងជាតិសាសន៍។ អ្វី ដែលរដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈរូបនេះ បន្ថែមទៀតនោះ គឺជាភាពចាស់ទុំរបស់ប្រជាពលរដ្ឋកម្ពុជា ទោះបីជារវល់ចំពោះដំណើរការជីវភាពប្រចាំថ្ងៃ ក៏ដូចជាសកម្មភាពកីឡា ឬសកម្មភាពផ្សេងៗក៏ដោយ ប៉ុន្ដែអ្នកទាំងនោះ នៅតែតាមដានស្ថានការណ៍អំពីដំណោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញបញ្ហាព្រំដែន។
លោក ហ៊ុន ម៉ានី សំណូមពរឲ្យ ពលរដ្ឋទាំងអស់ បន្ដភាពចាស់ទុំ ហើយជឿជាក់លើរាជរដ្ឋាភិបាលខ្លួន ដែលប្រើការដោះស្រាយបែបសន្ដិវិធី ហើយក៏សំណូមពរបន្ដការលើកទឹកចិត្ត ព្រមទាំងក្ដីស្រឡាញ់ទៅកាន់កងកម្លាំងការពារតាមព្រំដែន ផងដែរ។ «ទោះស្ថានភាពយ៉ាងណាក៏ដោយ ក៏ជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋនៅតែដំណើរការដូចគ្នា។ អ្នកមករត់នៅតែមកដោយគ្មានការព្រួយបារម្មណ៍ពេកទេ ក៏ប៉ុន្ដែមិនមែនស្មារតីអារម្មណ៍ មិនតាមដានអ្វី ដែលជាស្ថានភាពរបស់ប្រទេសជាតិយើងទេ។ អ្វី ដែលជាបញ្ហា ទុកឲ្យរាជរដ្ឋាភិបាល គ្រប់គ្រងស្ថានការណ៍ កុំឲ្យរីករាលដាលទៅជាជម្លោះ ឬរើសអើងជាលក្ខណៈសញ្ជាតិ និងសញ្ជាតិ ប្រជាជន និងប្រជាជន។
នេះ គឺជារូបភាពយើងមិនចង់ឃើញ ហើយជាការអំពាវនាវរបស់យើង។ អត្ថន័យនៃការរត់ថ្ងៃនេះ ដែលមានភាពចម្រុះ គឺបញ្ជាក់ច្បាស់ថាស្វាគមន៍មកកម្ពុជា អត់មានជាបញ្ហាអ្វីទេ ទោះបីជានរណាក៏ដោយ។»ឧបនាយករដ្ឋមន្ដ្រីរូបនេះ បន្ថែមទៀតថាគោលបំណង នៃការរត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុន ជារៀងរាល់ឆ្នាំ ក៏ដើម្បីចូលរួមពិធីចម្រើនព្រះជន្មសម្ដេចយាយ សម្ដេចយាយទួត ដែលក្នុងនាមជាកុលបុត្រ កុលធីតាខ្មែរ បង្ហាញនូវការគោរពដឹងគុណ។ បង្ហាញខ្លួនលើកដំបូងក្នុងទិវារត់ប្រណាំងភ្នំពេញអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុន លោក ហ៊ុន ម៉ានី បានបញ្ចប់ទីដោយប្រើថិរវេលា ២ម៉ោង និង៥៦នាទី។ រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ចាត់ទុកថាមិនមែនជាការងាយស្រួលឡើយ ក្នុងការមកដល់ទី ព្រោះត្រូវការភាពអំណត់ និងប្រឹងប្រែង៕
ដកស្រង់ពី៖ថ្មីៗ