កម្ពុជា នឹងដាក់ឱ្យដំណើរការសាកល្បង សាលាវិជ្ជាជីវៈទេសចរណ៍ ដំបូងគេបង្អស់នៅក្នុងប្រទេស នៅថ្ងៃទី២៧ ខែមិថុនាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៧មិថុនា។សាលាវិជ្ជាជីវៈទេសចរណ៍ មាន២ទីតាំង នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ២៦,៥លានដុល្លារ ក្នុងនោះថវិកាចំនួន ១១លានអឺរ៉ូជាកម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)។
ក្រសួងទេសចរណ៍ បញ្ជាក់ថា សាលាវិជ្ជាជីវៈទេសចរណ៍នេះ នឹងផ្តល់ការបណ្តុះបណ្តាលលើ ផ្នែកសេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍, ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, ផ្នែកសេវាកម្មធ្វើដំណើរ និងផ្នែកសេវាកម្មទេសចរណ៍ដែលស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន។ សិស្ស និងនិសិ្សត នឹងទទួលបាននូវជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដា និងប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្លើយតបទៅនឹងការរីកចម្រើន នៃវិស័យទេសចរណ៍កម្ពុជា។ នេះបើតាមការផ្សាយដដែល។
សាលាវិជ្ជាជីវៈទេសចរណ៍ មាន២ទីតាំង ដែលនៅរាជធានីភ្នំពេញ គឺស្ថិតនៅផ្លូវលេខ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងនៅផ្លូវសុភមង្គល ភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ (ជាទីតាំងមន្ទីរទេសចរណ៍ខេត្ត)។ ក្រសួងទេសចរណ៍ កាលពីដើមខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ សាលាវិជ្ជាជីវៈទេសចរណ៍ នៅខេត្តព្រះសីហនុ អាចទទួលបណ្ដុះបណ្ដាលសិស្ស និងនិស្សិតបានចាប់ពីចំនួន ២០០នាក់ ដល់៤០០នាក់ក្នុងមួយឆ្នាំ។ សូមជម្រាបថា សាលាវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំងនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយគ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ២៦,៥លានដុល្លាអាម៉េរិក ដែលក្នុងនោះកម្ចីហិរញ្ញប្បទានឥណទានពី AFD មានចំនួន ១១លានអឺរ៉ូ។ ក្រៅពីនោះ គឺជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដកស្រង់ពី៖ថ្មីៗ