បណ្តាញសង្គម

សហរដ្ឋអាមេរិក៖ ផ្ទុះករណីបាញ់រះនៅទីក្រុងឈីកាហ្គោ បណ្តាលឲ្យមនុស្ស៦នាក់របួស

(ស៊ីកាហ្គោ)៖ សារព័ត៌មាន CBS បានរាយការណ៍ នៅព្រឹកថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ ០៦នាក់ បានរងរបួស ដោយសារការបាញ់រះ នៅឯពិធីជប់លៀងមួយ នៅភាគខាងលិច នៃទីក្រុងឈីកាហ្គោ (Chicago) នៃរដ្ឋអ៊ីលីណយស៍ (Illinois) នៅថ្ងៃអាទិត្យ ទី១១ ខែសីហា (ពេលវេលានៅវ៉ាស៊ីនតោន)។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ៊ួ នារសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ ២០១៩។ ហេតុការណ៍ខាងលើបានកើតឡើង ដោយខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់រះ ទាំងកម្រោលទៅលើក្រុមមនុស្សម្នាជាង ១០០នាក់ នៅឯពិធីជប់លៀង តាមដងផ្លូវមួយ ស្ថិតនៅភាគខាងលិច នៃទីក្រុងឈីកាហ្គោ នៅវេលាម៉ោងប្រហែល ៣៖០០នាទីទៀបភ្លឺថ្ងៃអាទិត្យ។

សាក្សីនៅកន្លែងកើតហេតុ បានគូសបញ្ជាក់ប្រាប់ថា មុននឹងមានការបាញ់ប្រហារនេះ គេឃើញមានការ ឈ្លោះប្រកែកគ្នាខ្លាំងៗ  បន្ទាប់មក ក៏គេឃើញមានបុរសម្នាក់ បានដកកាំភ្លើង បាញ់រះមកលើហ្វូងមនុស្សតែម្តង។ ដោយឡែកខ្មាន់កំាភ្លើងខាងលើ  អជ្ញាធរមិនទាន់បាន បញ្ជាក់អត្តសញ្ញាណ ឲ្យបានច្បាស់លាស់នៅឡើយទេ។

បន្ថែមពីខាងលើនេះ ក្នុងចំណោមជនរងគ្រោះទាំង ០៦នាក់ខាងលើ គេឃើញមានបុរសអាយុ ២៥ឆ្នាំម្នាក់ និងស្រី្ត ០៥នាក់ ដែលមានអាយុចន្លោះពី ២៧-៣៧ឆ្នាំ ពួកគេបានរងរបួសធ្ងន់ ខណៈទាំង០៦នាក់នេះ ត្រួវបានបញ្ជូន ទៅព្យាបាលមន្ទីរពេទ្យមួយ ក្នុងតំបន់ ប៉ុន្តែពួកគេទំនង ជាមិនអាចមានបញ្ហា ដល់អាយុជីវិតឡើយ។

គួរបញ្ជាក់ថា ទីក្រុងឈីកាហ្គោនេះ ក៏ធ្លាប់បានពើបប្រទះ នឹងការបាញ់ប្រហារដ៏អាក្រក់បំផុតមួយ កាលពីចុងសប្តាហ៍មុន ផងដែរ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ០៧នាក់ និង ៥២នាក់ផ្សេងទៀតបានរងរបួស។ ករណីបាញ់ប្រហារ នៅសហរដ្ឋអាមេរិកនាមួយរយៈពេលចុងក្រោយនេះ បានបង្កជាបញ្ហាព្រួយបារម្ភ កាន់តែខ្លាំងពីក្នុងសង្គមអាមេរិក ជាពិសេសសម្ពាធ ត្រូវធ្លាក់លើរដ្ឋបាលលោក ដូណាល់ ត្រាំ ជាពិសេសក្រោយករណីបាញ់ប្រហារ កាលពីសប្តាហ៍មុនដែលបានផ្តាច់ជីវិត មនុស្សជាង ៣០នាក់៕

ដកស្រង់ពី៖ Fresh News