បណ្តាញសង្គម

ក្រោយសង្គ្រាមបង្ហូរឈាមស្ងប់ស្ងាត់បន្តិច ស៊ីរីចាប់ផ្តើមស្តារប្រទេសឡើងវិញយ៉ាងលំបាកវេទនា

(អាឡេប៉ូ)៖ អាជ្ញាធរស៊ីរី បាននិងកំពុង ជួសជុលឡើងវិញ នូវហេដ្ឋរចនាសម្ព័ន្ធនានា នៅក្នុងទីក្រុងអាឡេប៉ូ (Aleppo) ដែលរងការបំផ្លិចបំផ្លាញ ដោយសារសង្រ្គាម ក្នុងនោះផ្សារលក់ម្ហូបអាហារ សួកអាល់ហាល់ (Souq al-Hal) ក៏ត្រូវបានគេរំពឹងផងដែរថា  នឹងបើកដំណើរការ ក្នុងពេលឆាប់ៗនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩។ យោងតាមអាជ្ញាធរស៊ីរី  រាល់បណ្ដាញទំនាក់ទំនង និងទីផ្សារ នឹងត្រូវបានជួសជុល កែលម្អឡើងវិញ ហើយមិនតែប៉ុណ្ណោះ ផ្សារទំនើបថ្មីមួយ ក៏នឹងត្រូវសាងសង់ នៅក្បែរផ្សារលក់ម្ហូបទៀតផង ដើម្បីជួយចូលរួមចំណែក ស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។

វាជាការស្តារឡើងវិញ ដ៏ត្រដាបត្រដួស តែមិនវេទនា ដូចខេត្តដារ៉ាអានោះឡើយ ដែលទីនោះគឺរងការខ្ទេចខ្ទាំបំផុត  ដោយសារតែសង្គ្រាម ដែលបានអូសបន្លាយជាង ៨ឆ្នាំ។

សង្រ្គាមស៊ីរី បានផ្ទុះឡើងតាំងពីឆ្នាំ២០១១ ហើយវាបានធូរស្រាល ខ្លាំងឈានមកដល់ ឆ្នាំ២០១៩ ហើយបើទោះជាការវាយប្រយុទ្ធគ្នា នៅតែបន្តកើតឡើងក៏ដោយ ក៏អ្វីដែលជារឿងសំខាន់ បច្ចុប្បន្ននេះ គឺស្វែងរកដំណោះស្រាយ នយោបាយ និងជួយសម្រួល ដល់ការធ្វើមាតុភូមិនិវត្តន៍ របស់ជនភៀសខ្លួន ស៊ីរីរាប់លាននាក់ ដែលកំពុងរស់នៅ បណ្តាប្រទេសជិតខាង ដូចជាតួកគី អ៊ីរ៉ាក់ លីបង់ ហ្សកដានី និងជាពិសេសនៅទ្វីបអ៊ឺរ៉ុបតែម្តង។

គួរបញ្ជាក់ថា ស៊ីរីគឺជាប្រទេសដ៏ចំណាស់មួយ នៅពិភពអារ៉ាប់ ដែលមានអរិយធម៌ជាង ៥,០០០ឆ្នាំ ហើយប្រទេសនេះនៅមុន សង្គ្រាមឆ្នាំ២០១១ ក៏មានសេដ្ឋកិច្ចរីកចំរើនខ្លាំងផងដែរ ដោយសារតែវិស័យទេសចរណ៍ដ៏រីកចំរើន និងការនាំចេញប្រេង ទៅកាន់ទីផ្សារពិភពលោក ដែលស្មើនឹងជាង ២៥ភាគរយ នៃប្រាក់ចំណូលជាតិសរុប នៅឆ្នាំ២០១០ ជាមួយនឹងប្រជាជន ជាង ២០លាននាក់។

ប៉ុន្តែក្រោយកើតមានសង្គ្រាម អ្វីៗគ្រប់យ៉ាងស្ទើរធ្លាក់ ដល់ចំណុចសូន្យតែម្តង ខណៈប្រជាជនដែលបានស្លាប់ ដោយសារសង្គ្រាម គិតត្រឹមឆ្នាំ២០១៨ គឺមានចំនួនជាងកន្លះលាននាក់៕

ដកស្រង់ពី៖ Fresh News