បណ្តាញសង្គម

លោក Jack Ma លាលែងចេញពីតំណែងជាប្រធានក្រុមហ៊ុន Alibaba ជាផ្លូវការហើយ!

 (ប៉េកាំង)៖ ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានសម្រេចចិត្ត យកថ្ងៃអង្គារនេះ លាលែងចេញពីតំណែងជាផ្លូវការ ហើយវាក៏ជាថ្ងៃ ខួបកំណើតឈានចូលវ័យ ៥៥ឆ្នាំ របស់លោកដែរ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។

លោក Jack Ma ដែលជាអតីត គ្រូបង្រៀន ភាសាអង់គ្លេសម្នាក់ផងដែរនោះ បានបង្កើតក្រុមហ៊ុន Alibaba នៅឆ្នាំ១៩៩៩ និងបានប្រែក្លាយក្រុមហ៊ុនមួយនេះ ឱ្យទៅជាក្រុមហ៊ុនអនឡាញ ដ៏ធំបំផុតមួយនៅលើពិភពលោក ។ បច្ចុប្បន្ន ក្រុមហ៊ុន Alibaba មានទ្រព្យសរុប ៤៨០ពាន់លានដុល្លារ ហើយលោក Ma គឺជាកំពូលមហា សេដ្ឋីលេខមួយ នៅក្នុងប្រទេសចិន ។

* តើលោក Jack Ma គឺជានរណា?

កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦៤ ក្នុងគ្រួសារក្រីក្រមួយ នៅខេត្ត Hangzhou ភាគខាងកើត ប្រទេសចិន លោក Jack Ma បានចាប់ផ្ដើមការងារ របស់លោកជាគ្រូបង្រៀន ភាសាអង់គ្លេសម្នាក់ ។ លោក Ma បានទិញកុំព្យូទ័រ ជាលើកដំបូងនៅអាយុ ៣៣ឆ្នាំ ហើយកំឡុងពេលនោះឯង លោកមានការ ភ្ញាក់ផ្អើលជាខ្លាំង នៅពេលស្វែង រកមិនឃើញទាល់តែ សោះស្រាបៀរចិន នៅលើបណ្ដាញអិនធីណែត ជាហេតុធ្វើឱ្យលោកមាន គំនិតបង្កើតក្រុមហ៊ុន Alibaba បើទោះជាលោក គ្មានចំណេះដឹង ផ្នែកកុំព្យូទ័រក៏ដោយ ។

សព្វថ្ងៃ ក្រុមហ៊ុន Alibaba មានទ្រព្យសរុប ៤៨០ពាន់លានដុល្លារ ហើយលោក Ma គឺជាកំពូល មហាសេដ្ឋីលេខមួយ នៅក្នុងប្រទេសចិន និងស្ថិតនៅក្នុងចំណោម អ្នកមានជាងគេនៅ លើពិភពលោក ប្រចាំទស្សនាវដ្ដី Forbes ជាមួយទ្រព្យសម្បត្តិ ៣៨.៦ពាន់លានដុល្លារ (ឆ្នាំ២០១៨)។

*ក្រោយលាលែងពីតំណែង តើលោក Jack Ma នឹងបន្តធ្វើអ្វីទៀត? បន្ទាប់ពីការលាលែងពីតំណែង លោក Jack Ma នឹងផ្តោតជាសំខាន់ លើការងារមនុស្សធម៌ និងវិស័យអប់រំ ដូចដែលលោក ធ្លាប់បានប្រាប់កាសែតអាមេរិក New York Times កាលពីឆ្នាំ២០១៨ថា ការលាលែង ឬការចូលនិវត្តន៍ របស់លោកមិនមែន ជាការបញ្ចប់នោះទេ តែវាគឺជាការចាប់ផ្ដើម សករាជថ្មីសម្រាប់ Alibaba ។

«ខ្ញុំស្រឡាញ់ការអប់រំ»។ នេះជាការបញ្ជាក់ យ៉ាងខ្លីរបស់ លោក Ma ប្រាប់កាសែតអាមេរិក ។

គួរបញ្ជាក់ថា លោក Daniel Zhang ដែលជានាយក ប្រតិបត្តិក្រុមហ៊ុន Alibaba នឹងឡើងកាន់តំណែង ជាប្រធានក្រុមហ៊ុន ជំនួសលោក Jack Ma ហើយបើទោះជាលា ឈប់ពីតំណែងក៏ដោយ ក៏លោក Ma នឹងបន្តជួយ ជ្រោមជ្រែងក្រុមហ៊ុន ក្នុងនាមជាអ្នកប្រឹក្សា យោបល់ម្នាក់ ៕