បណ្តាញសង្គម

ហេតុអ្វីពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន ខុសប្លែកពីប្រធានាធិបតីអាមេរិកដទៃ?

(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន និងលោកស្រី Kamala Harris នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតី និងអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករានេះ (ម៉ោងនៅវ៉ាស៊ីនតោន)។

ពិធីស្បថចូលកាន់តំណែងរបស់លោក បៃដិន ដែលប្រពឹ្រត្តទៅកំឡុងការឆ្លងរាតត្បាត COVID-19 និងក្រោយផ្ទុះអំពើហិង្សាបង្ហូរឈាម នៅឯវិមានសភា នឹងមានភាពខុសប្លែកទាំងស្រុងពីពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកមុនៗ ក្នុងនោះជាពិសេសគឺ និមិត្តរូបនៃការផ្ទេរអំណាចដោយសន្តិវិធី ក្នុងនាមជាប្រទេសគំរូគេខាងលទ្ធិប្រជាធិបតេយ្យ នឹងមិនមានឡើយ ដោយសារតែគ្មានវត្តមានលោក ដូណាល់ ត្រាំ។

*ការរឹតបន្តឹងសន្តិសុខមិនធ្លាប់មាន និងវិធានការបង្ការ COVID-19 កងកម្លាំងឆ្មាំការពារជាតិអាមេរិក ២៥,០០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព ក្នុងថ្ងៃលោក ចូ បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតី អាមេរិកទី៤៦។

ចំនួនកងកម្លាំងឆ្មាំជាតិនេះ គឺជាចំនួនច្រើន និងជាការរឹតបន្តឹងសន្តិសុខខ្លាំងបំផុតមិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្ត្រនៃពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីអាមេរិក។ កាលពីឆ្នាំ២០១៦ កងកម្លាំងឆ្មាំជាតិត្រឹមតែជាង ៨,០០០នាក់ប៉ុណ្ណោះត្រូវបានដាក់ពង្រាយ ដើម្បីធានាសន្តិសុខនៅថ្ងៃលោក ដូណាល់ ត្រាំ ស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥។

រដ្ឋធានីវ៉ាស៊ីនតោន ជាពិសេស វិមានសភាអាមេរិក ត្រូវបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ក្រោយ FBI ព្រមានថាបាតុកម្មប្រដាប់អាវុធអាចនឹងផ្ទុះឡើងជាថ្មី នៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមកុបករគាំទ្រលោក ត្រាំ វាយប្រហារលើវិមានសភា ដោយបណ្ដាលឱ្យមនុស្ស៥នាក់ស្លាប់ កាលពីថ្ងៃទី០៦ ខែមករា កន្លងទៅនេះ។

លើសពីនេះទៅទៀត ដោយសារតែ COVID-19 ពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន ក៏នឹងដំណើរការទៅក្រោមវិធានការរឹតត្បិតជាច្រើនផងដែរ ក្នុងនោះរួមមានទាំងការពាក់ម៉ាស,រក្សាគម្លាតសុវត្ថិភាព ជាដើម ខណៈកម្មវិធីខ្លះនៃពិធីនេះអាចនឹងធ្វើឡើងពីចម្ងាយ ឬតាមប្រព័ន្ធអនឡាញ។

*គ្មានវត្តមានលោក ត្រាំ, លោក បៃដិន និងលោកស្រី Harris បង្កើតប្រវត្តិសាស្ត្រថ្មី លោក ដូណាល់ ត្រាំ បានប្រកាសទុកជាមុនរួចហើយថា នឹងមិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិនឡើយ។

ប្រការនេះធ្វើឱ្យលោកក្លាយជាប្រធានាធិបតី អាមេរិកដំបូងគេបំផុត ដែលមិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែង នៃអ្នកបន្តវេនពីលោក ចាប់តាំងពីសម័យអតីតប្រធានាធិបតីអាមេរិក លោក Andrew Johnson ដែលមិន បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Ulysses Grant នៅឆ្នាំ១៨៦៩។

ជាធម្មតា ប្រធានាធិបតីអាមេរិកផុតអាណត្តិ តែងតែចូលរួមក្នុងពិធីរបស់ប្រធានាធិបតីថ្មី និងធ្វើដំណើររួមគ្នាទៅកាន់វិមានសភា ដូចដែលលោក បារ៉ាក់ អូបាម៉ា ធ្លាប់អមដំណើរ លោក ដូណាល់ ត្រាំ ទៅកាន់វិមានសភា ដើម្បីស្បថចូលកាន់តំណែង ហើយការធ្វើបែបនេះគឺជានិមិត្តនៃការផ្ទេរអំណាចដោយសន្តិវិធី។

នៅក្នុងប្រវតិ្តសាស្ត្ររបស់សហរដ្ឋអាមេរិក មានប្រធានាធិបតីតែ៣រូបគត់ ដែលមិនបានចូលរួមក្នុងពីធីស្បថចូលកាន់តំណែងនៃអ្នកបន្តវេនរបស់ពួកគេ ក្នុងនោះរួមមានលោក John Adams, លោក John Quincy Adams និងលោក Andrew Johnson។

អនុប្រធានាធិបតី លោក ម៉ៃក៍ ភែន ត្រូវបានគេរំពឹងថាអាចនឹងចូលរួមនៅក្នុងពិធីនេះដែរ ហើយលោក ចូ បៃដិន និងលោកស្រី Kamala Harris នឹងដឹកដៃគ្នាបង្កើតប្រវត្តិសាស្ត្រថ្មី មួយដោយនៅក្រោយការស្បថចូលកាន់តំណែង លោក បៃដិន នឹងក្លាយជាប្រធានាធិបតីចាស់ជាងគេ មានអាយុ ៧៨ឆ្នាំ រីឯលោកស្រី Harris នឹងក្លាយជាអនុប្រធានាធិបតីជាស្ត្រី ដំបូងគេបំផុតរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា នៅថ្ងៃម៉ោង៨ព្រឹក ថ្ងៃពុធនេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ នឹងជិះយន្ដហោះចេញពីរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់រម្មណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ ផ្ល័ររីដា ជាទីដែលលោក ត្រាំ ត្រូវបានគេរំពឹងថានឹងលេងវាយកូនហ្គោលនៅទីនោះ ខណៈលោក ចូ បៃដិន និងលោកស្រី Kamala Harris នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃដដែល៕

ដកស្រង់ពី៖ Fresh News