បណ្តាញសង្គម

ឯកអគ្គរដ្ឋទូតបារាំង សន្យាជំរុញវិនិយោគិនបារាំង ឲ្យមកវិនិយោគនៅកម្ពុជា ជាពិសេសមកបណ្តាក់ទុន នៅបណ្តាតំបន់សេដ្ឋកិច្ចពិសេស

(ព្រះសីហនុ)៖ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសន្យាថា នឹងជំរុញអ្នកវិនិយោគបារាំង ឲ្យមកវិនិយោគនៅកម្ពុជា ជាពិសេសមកបណ្តាក់ទុន នៅបណ្តាតំបន់សេដ្ឋកិច្ចពិសេស។

ការសន្យាបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំង បំពេញទស្សនកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជម្រាបជូនលោកស្រី ឯកអគ្គរដ្ឋទូត អំពីសាវតានៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលជាការផ្តួចផ្តើមគំនិតដោយផ្ទាល់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍ។

លោកស្រី អេវ៉ា ង្វៀន ប៊ិញ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានការរៀបចំបានល្អប្រសើរ និងបានចូលរួមចំណែក ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ជាក់ស្តែង លោកស្រីបានទស្សនារោងចក្រចំនួន៣ គឺរោងចក្រផលិតធុងទឹករថយន្ត រោងចក្រផលិតក្តារបន្ទះ និងរោងចក្រផលិតសម្ភារសម្រាប់ជិះសេះ។

ទន្ទឹមគ្នានោះ លោកស្រីឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា បានសន្យាថា នឹងជំរុញអ្នកវិនិយោគបារាំង ឲ្យមកវិនិយោគនៅកម្ពុជា ជាពិសេស មកបណ្តាក់ទុននៅបណ្តាតំបន់សេដ្ឋកិច្ចពិសេស។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងដំណើរការចំនួន២៣ មានគម្រោងវិនិយោគចំនួន៤៨២ ដែលផ្តល់ការងារ ដល់កម្មករកម្មការនីចំនួនជាង១៣ម៉ឺននាក់ និងចូលរួមចំណែក ដល់ប្រមាណ១៤ភាគរយ នៃការនាំចេញសរុប។ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគម្រោងវិនិយោគចំនួន១៨១គម្រោង ដែលផ្តល់ការងារ ដល់កម្មករកម្មការនី ចំនួនជាង២ម៉ឹន៥ពាន់នាក់៕

ដកស្រង់ពី៖ Fresh News