បណ្តាញសង្គម

រថយន្តកុងតឺន័រ ឈប់ពេលយប់ គ្មានភ្លើងសញ្ញា បណ្តាលឲ្យយុវជនម្នាក់ ជិះម៉ូតូបុកពីក្រោយ បាក់ ក ស្លាប់ភ្លាមៗ

ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសាររូបគេ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ហើយជ្រុលបុក រថយន្ត កុងតឺន័រពីក្រោយ ដែលកំពុងចតស្ងៀម នៅចំណុច ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ២៣និង ៤០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤។

តាមសាក្សីនៅ កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត កុងតឺន័រមួយគ្រឿង របស់ក្រុមហ៊ុនស្វយ័ត ភ្នំពេញ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-1978 បានមកឈប់ស្ងៀម នៅចញ្ចើមផ្លូវ ដោយមិនបានដាក់សញ្ញាសម្គាល់អ្វីទាំងអស់ បានប្រហែលជា២០នាទី ស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូម៉ាកឃ្លីកមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CK-0862 ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បានជ្រុលបុករថយន្ត កុងតឺន័រ ពីក្រោយពេញទំហឹង បណ្តាលឲ្យបាក់ក ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុតែម្តង ។

ជនរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះ ហេង សុភា ភេទប្រុស អាយុ ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះ ដល់ចំណុចកើតហេតុ និងទំនាក់ទំនងហៅក្រុមគ្រួសារមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកំណើត ចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចមូលដ្ឋាន បានសហការ ជាមួយនគរបាលជំនាញ យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោក ដើម្បីចាំដោះស្រាយពេលក្រោយ។

គួរញ្ជាក់ផងដែរថា ទាក់ទិននឹងហេតុការណ៍នេះ បណ្តាលមកពី រថយន្តកុងតឺន័រ ឈប់ដោយមិនបាន ដាក់សញ្ញាសម្គាល់ និងគ្មានភ្លើង បំភ្លឺ ទើបបង្កឲ្យមានគ្រោះថ្នាក់ បែបនេះ៕

ដកស្រង់ពី៖ ដើមអម្ពិល