បណ្តាញសង្គម

ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមានឡើយ !

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មានបញ្ជាក់ពីករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ និងមិនមានករណីវិជ្ជមានកូវីដ-១៩ថ្មីឡើយ។

នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ អ្នកជំងឺដែលបានជាសះស្បើយ គឺជាបុរសជនជាតិខ្មែរ-បារាំងអាយុ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំង តាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១២៦នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៨៧នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១២៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួនម្នាក់ប៉ុណ្ណោះ គឺបុរសជនជាតិខ្មែរម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន៕

ដកស្រង់ពី៖FreshNews