បណ្តាញសង្គម

បុណ្យអុំទូកឆ្នាំនេះ ហាមមិនឲ្យផ្សាយ ពាណិជ្ជកម្ម មុខព្រះបរមរាជវាំង ឯកសណ្ឋាន កីឡាករ ក៏មិនត្រូវមាន ស្លាកសញ្ញាផលិតផលដែរ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង សម្តេច ចៅហ្វាវាំង គង់ សំអុល បានហាមមិនឲ្យមាន លើកស្លាកសញ្ញា ឬបដាផ្សព្វផ្សាយ ពាណិជ្ជកម្ម នៅមុខព្រះបរមរាជវាំង នោះឡើយ នៅក្នុងឱកាស ប្រារព្វព្រះរាជ ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តឡើង នាថ្ងៃ៥-៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខនេះ។

ការថ្លែងបញ្ជាក់ របស់សម្តេចចៅហ្វាវាំង គង់ សំអុល បានធ្វើឡើង ក្នុងកិច្ចពិភាក្សា ជាមួយគណៈ កម្មាធិការ បុណ្យជាតិ និង អន្តរជាតិ ស្តីពីការដាក់ផែនការ រៀបចំ ព្រះរាជពិធីបុណ្យ អុំទូក នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នេះ។ បើតាម ប្រភពព័ត៌មាន ចេញពីក្នុង កិច្ចប្រជុំ ពិភាក្សានោះ សម្តេច ចៅហ្វាវាំង គង់ សំអុល មិនត្រឹមតែ មិនអនុញ្ញាត ឲ្យមានការ លើកស្លាកសញ្ញា ឬបដា ផ្សព្វផ្សាយ ពាណិជ្ជកម្មនោះទេ សូមតែនៅលើ ឯកសណ្ឋាន របស់កីឡាករ អុំទូក ក៏មិនអនុញ្ញាត ឲ្យាស្លាកសញ្ញា របស់ក្រុមហ៊ុននានា ដែលឧបត្ថម្ភ ដល់ទូកប្រណាំងផងដែរ ។ 

សម្តេចចៅហ្វាវាំង គង់ សំអុល បន្តថា ការមិនអនុញ្ញាត ដោយសារ តែបុណ្យ អុំទូកនេះ គឺជាបុណ្យ ប្រពៃណីជាតិ ដោយមិន ចាំបាច់ ផ្សាយ ពាណិជ្ជកម្ម អ្វីទាំងអស់ នៅមុខព្រះបរមរាជវាំង ។ សម្តេច បន្តថា ជាពិសេស មិនឲ្យមាន ការផ្សាយ ពាណិជ្ជកម្ម ស្រា បារី ក្នុងនោះ សូម្បីតែស្លាក សញ្ញា ផ្សាយពាណិជ្ជកម្ម នៅលើឆ័ត្រ ដែលដាក់បាំង កំដៅនៅ មុខវេទិកា និងបដាផ្សេងៗ ទៀតក៏មិន អនុញ្ញាត ឲ្យដែរ។

សម្តេច ចៅហ្វាវាំង បានបញ្ជាក់ថា « សូមបណ្តាញ ផ្សព្វផ្សាយ មេត្តាអនុគ្រោះ គឺមិនឲ្យយកឆ័ត្រ ផ្សាយពាណិជ្ជកម្មយកទៅ បាំង នៅមុខ វេទិកា របស់ព្រះករុណា ហើយបើ ឯកឧត្តម រកលុយទិញ អត់បាន សូមមក រកគណៈកម្មាធិការ បុណ្យជាតិ ទៅថា សូមទិញឆ័ត្រ ហើយបើមាន ផ្សាយពាណិជ្ជកម្ម ស្រាបៀ ថៃហ្គឺ(Tiger) និងផលិតផលស្រាផ្សេងៗ និងបារី គឺ ខ្ញុំបញ្ជាឲ្យ ប៉ូលីស ចាប់ យកទាំងអស់ ហើយប៉ូលីស យកទៅណាយកទៅ » ។

សម្តេច ចៅហ្វាវាំង គង់ សំអុល បានឲ្យដឹងទៀតថា នៅក្នុង ព្រះរាជពិធីបុណ្យ អុំទូកនេះ មានទូកសរុប ទាំងអស់ចូល រួមប្រកួត ប្រជែង ចំនួន ៣៩៧ទូក ហើយមាន កីឡាករ អុំទូក និងកីឡា បម្រុងជាង ២ម៉ឺននាក់ ។ យោងតាម ផែនណែនាំ របស់គណៈ កម្មាធិការ ជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា ប្រទីប របស់រដ្ឋ ដែលនឹងត្រូវបណ្តែត អបអរសាទរ មាន ៩ គឺប្រទីប ព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួង ទេសចរណ៍ និងប្រទីប សាលារជធានី ភ្នំពេញ ។

ក្នុងនោះ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងសាលារាជធានី ត្រូវសហការ រក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សង្គម ចរាចរមុខ ក្រោយ និងក្នុងពេល ប្រារព្ធពិធី ឲ្យធានា សុវត្ថិភាព និងចាត់តាំង ការអុជ កាំជ្រួចរយៈពេល ៣ ថ្ងៃ ដើម្បីអបអរ សាទរ និងបង្កការ សប្បាយ រីករាយ ជូនប្រជារាស្រ្ត។

សូមបញ្ជាក់ថា ព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុកឆ្នាំនេះ នឹងប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ កើត និងថ្ងៃទី១ រោចខែកត្កិក ត្រូវនឹងថ្ងៃទី៥-៦-៧ ខែវិច្ឆិកា នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង ។ ព្រះរាជពិធីបុណ្យ អុំទូក នាឆ្នាំ២០១៤នេះ នឹងត្រូវប្រារព្ធ ឡើងវិញហើយ បន្ទាប់ពីការ អាក់ខាន់ជាប់ៗ គ្នាអស់រយៈពេល ៣ឆ្នាំ ដោយសារ គ្រោះទឹកជំនន់ និងការយាង ចូលទិវង្គត របស់ព្រះវររាជ បិតាជាតិខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ។

របាយការណ៍បឋម បានឲ្យដឹងថា ទូកចូលរួម ប្រកួតប្រជែងនា ឆ្នាំ២០១៤នេះ មានចំនួន ៣៩៧ ទូក រួមមាន ៖

1. រាជធានីភ្នំពេញ : ៥៣ ទូក

2. ខេត្តកណ្តាល : ៧៩ទូក

3. ខេត្តកំពង់ចាម : ៥៥ ទូក

4. ខេត្តត្បូងឃ្មុំ : ១៥ ទូក

5. ខេត្តកំពង់ធំ : ៣០ ទូក

6. ខេត្តព្រៃវែង : ៣៥ ទូក

7. ខេត្តកំពង់ឆ្នាំង : ២២ ទូក

8. ខេត្តក្រចេះ : ៦១ ទូក

9. ខេត្តតាកែវ : ៨ ទូក

10. ខេត្តបាត់ដំបង : ៥ ទូក

11. ខេត្តស្វាយរៀង : ២ ទូក

12. ខេត្តសៀមរាប : ៣ ទូក

13. ខេត្តបន្ទាយមានជ័យ : ៣ ទូក

14. ខេត្តព្រះវិហារ : ២ ទូក

15. ខេត្តស្ទឹងត្រែង: ១ ទូក

16. ខេត្តពោធិសាត់ : ៣ ទូក

17. ខេត្តមណ្ឌលគីរី : ១ ទូក

18. ខេត្តរតនះគីរី: ១ ទូក

19. ខេត្តកំពង់ស្ពឺ: ២ ទូក

20. ទីស្តីការគណះរដ្ឋមន្ត្រី : ៣ ទូក

21. គណៈកម្មាធិការបុណ្យជាតិ : ៦ ទូក

22. អ.ហ លើផ្ទៃប្រទេស : ៣ ទូក

23. បញ្ជាការកងទ័ពជើងទឹក : ២ ទូក

24. កម្ពុជាក្រោម : ១ ទូក

25. អង្គការ VSO : ១ ទូក

- ខួប ១០ឆ្នាំ នៃការឡើងសោយរាជ្យ របស់ព្រះមហាក្សត្រខ្មែរ នឹងធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែតុលា

- របាយការណ៍បឋម៖ ទូកចូលរួមប្រកួតប្រជែង ឆ្នាំ២០១៤ មានចំនួន ៣៩៧ទូក

ដកស្រង់ពី៖ ដើមអម្ពិល