បណ្តាញសង្គម

ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ខណៈមានអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យ១១នាក់

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន១រូបទៀត បានជាសះស្បើយ ខណៈដែល១១នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

នេះបើតាមសេចក្តីប្រកាសរប់សក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃនេះ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីជាសះស្បើយគឺបុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ដែលជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជា។

បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល រហូតដល់ពេលនេះ គិតត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកជំងឺកូវីដសរុបចំនួន ១៤១នាក់ (ស្ត្រី ៤០នាក់ និងបុរស ១០១នាក់) ដែលក្នុងនោះមានអ្នកព្យាបាលជាសះស្បើយសរុបចំនួន១៣០នាក់ (ស្រី ៣៩នាក់ និងបុរស៩១នាក់) ខណៈអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន១១នាក់ (ស្រ្តី ០១នាក់ និងបុរស១០នាក់)។

អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនោះ មានបុរសជនជាតិខ្មែរ០៧នាក់ ស្ត្រីជនជាតិខ្មែរ០១នាក់ និងបុរជនជាតិឥណ្ឌូណេស៊ី០១នាក់ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ីកំពុងសម្រាកព្យាបាលនៅម័ពេទ្យមិត្តភាពខ្មែរសូវៀត។

បុរសជនជាតិខ្មែរ០២នាក់ ដែលបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការពិនិត្យសុខភាព និងស្រាវជ្រាវរកករមេរោគកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមកជាកវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕

ដកស្រង់ពី៖FreshNews