បណ្តាញសង្គម

រដ្ឋសភា បង្កើតក្រុមការងារ តាក់តែងសេចក្តី ព្រាងច្បាប់ ស្តីពី «ផ្ទះជួល»

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា បានសម្រេចបង្កើតក្រុមការងារ តាក់តែងសេចក្តី ព្រាងច្បាប់ស្តីពី «ផ្ទះជួល» ដែលមានសមាសភាព ចំនួន ៨រូប ដោយ ៤រូប មកពីគណបក្ស ប្រជាជនកម្ពុជា និង៤រូប ផ្សេងទៀត មកពីគណបក្ស សង្រ្គោះជាតិ។

ក្រុមការងារតាក់តែង ច្បាប់ថ្មី ដើម្បីរក្សាប្រយោជន៍ ជូនអ្នកជួលផ្ទះ និងម្ចាស់ផ្ទះនេះ នឹងចាប់ផ្តើមជួបជជែក ពិភាក្សាគ្នាជាលើកដំបូង នៅសប្តាហ៍ក្រោយនេះ។ លោក អ៊ូ ច័ន្ទឫទ្ធិ អនុប្រធាន ក្រុមការងារតាក់តែង ច្បាប់ស្តីពី «ផ្ទះជួល» បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើម អម្ពិល នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា សេចក្តីសម្រេច នៃការចាត់តាំង ក្រុមការងារនេះ ត្រូវបានចុះហត្ថលេខា ដោយលោកឧបនាយករដ្ឋមន្រ្តី ស ខេង ប្រធានក្រុមការងារគណបក្ស សំឡេងភាគច្រើន និង លោក សម រង្ស៊ី ប្រធានក្រុមការងារ សំឡេងភាគតិច ក្នុងរដ្ឋសភា កាលពីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ។

លោក អ៊ូ ច័ន្ទឫទ្ធិ បានបន្តថា ក្រុមការងារទាំងពីរ នឹងចាប់បើកការ ជជែកពិភាក្សាជាលើកដំបូង នៅសប្តាហ៍ក្រោយនេះ។ ក្រុមការងារតាក់តែង សេចក្តីស្នើច្បាប់ស្តីពីភតិសន្យា ហៅដោយសាមញ្ញថា ផ្ទួះជួល មានសមាសភាព ៨ រូបរួមមាន៖ លោក ប៉ែន បញ្ញា ជាប្រធាន (អ្នកតំណាងរាស្រ្ត មកពីគណបក្ស ប្រជាជនកម្ពុជា ) លោក អ៊ូ ច័ន្ទឫទ្ធិ ជាអនុប្រធាន ( អ្នកតំណាងរាស្រ្ត មកពីគណបក្ស សង្រ្គោះជាតិ) និង ៦រូប ផ្សេងទៀត ជាសមាជិក ដែលជាអនុប្រធាន សមាជិក និង លេខាគណៈកម្មការ ជំនាញរដ្ឋសភា ។

ក្នុងនោះ ៣ រូប មកពីគណបក្ស ប្រជាជនកម្ពុជា រួមមាន៖ លោក ប៉ាល់ សំអឿន លោកស្រី គ្រួច សំអាន និងលោកស្រី កែ ច័ន្ទមុនី និង ៣ រូបទៀត មកពីគណបក្សសង្គ្រោះជាតិ រួមមាន៖ លោកស្រី កែ សុវណ្ណរតន៍ លោក ម៉ៅ មុនីវណ្ណ និងលោក ឃី វណ្ណដេត។ យោងតាមសេចក្តីសម្រេច ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានលើកឡើងថា ក្រុមការងារមានភារកិច្ច ពិនិត្យសិក្សា និងរៀបចំតាក់តែង សេចក្តីស្នើច្បាប់ ស្តីពីភតិសន្យា ពិសេស ក្នុងវិស័យសង្គមកិច្ច ដាក់ជូនថ្នាក់ដឹកនាំតំណាងរាស្ត្រ ពិនិត្យ និងសម្រេច។

ក្រុមការងារប្រជុំតាម ការកោះអញ្ជើញ របស់ប្រធាន។ ក្រុមការងារអាច តែងតាំងជំនួយការ ឲ្យជួយការងារ តាមការចាំបាច់ ហើយក្រុមការ ងារ និងអគ្គលេខាធិការដ្ឋាន រដ្ឋសភា ត្រូវអនុវត្តសេចក្តី សម្រេចនេះ ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។សេចក្តីស្នើច្បាប់ថ្មី ស្តីពី «ផ្ទះជួល» ត្រូវបានសម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី ព្រមព្រៀងគ្នា ឲ្យក្រុមការងារ គណបក្សទាំងពីរតាក់តែងឡើង កាលពីពេលកន្លងទៅ។

លោក អ៊ូ ច័ន្ទឫទ្ធិ បានបញ្ជាក់ថា ច្បាប់ស្តី «ផ្ទះជួល» បង្កើតឡើងសម្រាប់ ការពារដល់ផលប្រយោជន៍ របស់ម្ចាស់ផ្ទះជួល និងអ្នកជួលផ្ទះជាពិសេស កម្មកររោងចក្រកាត់ដេរ ដើម្បីកុំឲ្យមានការ ដំឡើងថ្លៃផ្ទះជួល តាមតែចិត្តរបស់ម្ចាស់ផ្ទះ៕

ដកស្រង់ពី៖ ដើមអម្ពិល