បណ្តាញសង្គម

នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ ថ្លែងអំណរគុណចំពោះសមានចិត្ត នៃការចូលរួមរំលែកទុក្ខម្ដាយបង្កើតរបស់លោក

នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានចូលរួមក្នុងពិធីបុណ្យសព និងផ្ញើលិខិតរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះមរណភាពឧបាសិកា ស្រី អឿង ត្រូវជាម្ដាយ ម្ដាយក្មេក ជីដូន ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់របស់ក្រុមគ្រួសារលោក។

ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានបញ្ជាក់ថា «ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះរូបខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី។

តាងនាមក្រុមគ្រួសារយើងខ្ញុំទាំងអស់ ខ្ញុំសូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សូមប្រកបដោយពរទាំងឡាយ ប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ទទួលនូវសេចក្តីគោរពនិងស្រលាញ់ដ៏ជ្រាលជ្រៅពីខ្ញុំ»៕

ដកស្រង់ពី ៖ Fresh News