បណ្តាញសង្គម

ក្រសួងពាណិជ្ជកម្ម ជូនដំណឹងអំពីព្រឹត្តិការណ៍ គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ នៅប្រទេសថៃ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានជូនដំណឹងដល់ម្ចាស់ ក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករ ដែលកំពុងធ្វើធុរកិច្ច លើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ នៅកម្ពុជា ឱ្យបានជ្រាបថាៈ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិ នៃក្រសួងពាណិជ្ជកម្ម ប្រទេសថៃឡង់ដ៍ នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្ម មានតម្លៃ បាងកក លើកទី៦៨ ឆាំ្ន២០២៣ (The 68″ Bangkok Gems & Jewelry Fair 2023) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៦-១០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃឡង់ដ៍។

 

នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២២ ខែមីនា នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករ ដែលកំពុងធ្វើធុរកិច្ចក្នុង វិស័យខាងលើ និងមានចំណាប់អារម្មណ៍ ចង់ចូលរួមព្រឹត្តិការណ៍ ខាងលើនេះ អាចទាក់ទងមកក្រសួងពាណិជ្ជកម្ម យ៉ាងយូរបំផុត ត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ជាកំណត ខណៈភាគីថៃ បានផ្ដល់ស្តង់មួយចំនួន ជូនក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីផ្តល់ជូនក្រុមហ៊ុន សហគ្រាសកម្ពុជា នាំយកផលិតផល ទៅចូលរួមដាក់តាំង បង្ហាញ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ជាអន្តរជាតិ៕

ដកស្រង់ពី៖ រស្មីកម្ពុជា