បណ្តាញសង្គម

ក្រសួងការងារ បានបញ្ជាក់ពីវឌ្ឍនភាព នៃការដោះស្រាយវិវាទការងាររួម នៅក្រុមហ៊ុន ណាហ្គាវើលដ៍

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តី ជូនដំណឹង អំពីវឌ្ឍនភាព នៃការដោះស្រាយវិវាទការងាររួម នៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

 

បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ បានបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទ មកជួបប្រជុំ ដោះស្រាយ ជាលើកទី២៥ ។

ក្រសួង បានបន្តឱ្យដឹងថា៖ ឆ្លងតាមរយៈកិច្ចពិភាក្សា យ៉ាងផុសផុល ភាគីទាំងពីរ នៅតែមិនទាន់រកឃើញ ដំណោះស្រាយដែលភាគីទាំងពីរ អាចទទួលយកបាន ព្រោះភាគីតំណាងកម្មករ និយោជិត នៅតែបន្តទាមទារ ឱ្យយកចូលធ្វើការវិញ រីឯភាគី តំណាងនិយោជក មិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។

ដូច្នេះភាគីទាំងពីរ ឯកភាពកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០ នាទី ដើម្បីមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃ ការសម្បទានគ្នា ទៅវិញទៅមក ដែលអាចឈានទៅបញ្ចប់វិវាទនេះ។

ក្រសួងការងារ បានបញ្ជាក់ ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនដែរថាៈ ក្រសួងស្នើឱ្យភាគី ទាំងពីរ មានការយោគយល់គ្នាខ្ពស់ ក្នុងការចូលរួមដោះស្រាយ បញ្ចប់វិវាទការងារនេះ, បន្តសហការជិតស្និទ្ធជាមួយ អាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសន្តិវិធី, ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។

យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះ មិនអាច ស្វែងរកដំណោះស្រាយ បាន ដោយការផ្សះផ្សា នីតិវិធីបន្ទាប់ គឺភាគីណាមួយ អាចប្ដឹងទៅតុលាការ ដើម្បីរក ដំណោះស្រាយ ចុងក្រោយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា