បណ្តាញសង្គម

ក្រសួងធនធានទឹក ប្រាប់បន្ថែមពីព្យុះទី៨ ឈ្មោះ សុនកា ដែល​ឲ្យកម្ពុជាមានភ្លៀងខ្លាំងរហូតដល់ចុងខែនេះ និងអំពាវ​ពលរដ្ឋនៅតំបន់ទំនាបកណ្ដាល ខ្ពស់រាប និងមាត់សមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្

  (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទៅ២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានជូនដំណឹងបន្ថែម ពីស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ដោយសារឥទ្ធិពលព្យុះទី៨ ឈ្មោះ សុនកា ដែលធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង  ហើយស្ថានភាពទឹកជំនន់នឹងហក់ឡើងខ្ពស់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា។

ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះថា នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ខ្យល់កន្ដ្រាក់មានល្បឿនពី១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។

តំបន់ខ្ពង់រាប ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ខ្យល់កន្ដ្រាក់មានល្បឿនពី ៨-១០ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់មាត់សមុទ្រ ពិសេសនៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿនពី១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកំពស់១.៥០-២.៥០ម៉ែត្រ។ តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ។

ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០១៧ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់  បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ 

ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គលើ ទន្លេសេសាន សេកុង ស្រែពក ព្រមទាំងផ្លូវទឹកនានាក្នុងតំបន់ខ្ពង់រាប សូមបង្កើនការយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកជំនន់ ដែលនឹងហក់ឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។ សូមអានសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖

ដកស្រង់ពី៖ Fresh News