បណ្តាញសង្គម

ចាប់ពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលឧបត្ថម្ភកម្មការិនីឆ្លងទន្លេ ៤០ម៉ឺនរៀល សម្រាប់កូនម្នាក់ កូនភ្លោះពីរ ៨០ម៉ឺនរៀល កូនភ្លោះបី ១លាន ២០ម៉ឺនរៀល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយថ្មីរបស់ រាជរដ្ឋាភិបាលថា នឹងឧបត្ដម្ភថវិកាដល់កម្មការិនីឆ្លងទន្លេចំនួន ៤០ម៉ឺនរៀល សម្រាប់អ្នកកើតបានកូនម្នាក់ ចំណែកអ្នកកើតបានកូនភ្លោះពីរនាក់ ទទួលបាន ៨០ម៉ឺនរៀល និងសម្រាប់អ្នកកើតបានកូនភ្លោះបី ១,២០០,០០០រៀល ដែលគោលនយោបាយនេះនឹងចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។

 សម្ដេចតេជោប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺននាក់ នៅសួនឧស្សាហកម្ម កាណាឌីយ៉ា ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧។  

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសនៅថ្ងៃនេះក្នុងក្របខណ្ឌកម្មការិនីទាំងក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ ស្ដ្រីដែលឆ្លងទន្លេដែលកើតបានកូនម្នាក់ ត្រូវទទួលបានសាច់ប្រាក់ ៤០ម៉ឺនរៀល ពីរាជរដ្ឋាភិបាល ករណីកើតបានកូនភ្លោះពីរត្រូវបាន ៨០ម៉ឺនរៀល ពីរាជរដ្ឋាភិបាល ករណីកើតបានកូនភ្លោះបីត្រូវទទួលបាន ១លាន២០ម៉ឺនរៀល ពីរាជរដ្ឋាភិបាល ហើយអ្នកកើត បានកូនភ្លោះបី ក្រៅពីទទួលបានពីរាជរដ្ឋាភិបាលហើយ គឺនឹងទទួលពីខ្ញុំថែមទៀត»

សម្ដេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ថា ការផ្ដល់ថវិកាឧបត្ថម្ភនេះ នឹងត្រូវផ្ដល់ជូនក្រោយពេលសម្រាលកូនរួច បើទោះបីកូននោះ កើតមកមានជីវិត ឬមិនមានជីវិតក៏ដោយ គឺត្រូវឧបត្ថម្ភជូនពួកគេដូចៗគ្នា ហើយស្ថាប័នដែលត្រូវផ្ដល់ជូនកម្មការិនី គឺជាបន្ទុករបស់ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានគេចាត់ទុកជាមេដឹកនាំដ៏មានព្រហ្មវិហារធម៌ម្នាក់នោះ បានលើកឡើង បន្ថែមថា នៅថ្ងៃណាមួយ សម្ដេចនឹងធ្វើពិធីជួបជុំជាមួយគ្រួសារដែលកើតបានកូនភ្លោះបីនាក់ ឲ្យអធឹកអធ័មម្ដងព្រោះពួកគេសុទ្ធតែជា កូនរបស់សម្ដេច និងជាសាច់ឈាមនឹងគ្នាទាំងអស់ ដែលរហូតដល់ពេលនេះមានចំនួន ៣១៩គ្រួសារហើយ ដើម្បីឲ្យពួកគេបានស្គាល់គ្នា តាមរយៈពិធីជួបជុំនោះ។

សម្ដេចបានបន្តថា រាជរដ្ឋាភិបាលបានពិភាក្សាលើការត្រៀមបម្រុងចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំដោយបាន ប៉ាន់ស្មានថា ក្នុងចំណោមកម្មករនិយោជិតក្នុងប្រព័ន្ធចំនួន ១,២០០,០០០នាក់ មានកម្មការិនីប្រមាណ ៩០០,០០០នាក់ និងមានកម្មករ និយោជិតក្រៅប្រព័ន្ធ ៣,០០០,០០០នាក់ទៀត ដែលគិតទៅអត្រា នៃការមានផ្ទៃពោះមានតែ ២.៧ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។ បើដូច្នោះ ១០លានដុល្លារក្នុងមួយឆ្នាំនេះ មិនប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាឡើយ ព្រោះការចំណាយនេះជាការចំណាយចំទិសពិតប្រាកដ ដែលរាជរដ្ឋាភិបាលកំពុងធ្វើដំណើរឈានឆ្ពោះទៅការកាត់បន្ថយ និងលុបបំបាត់អត្រាមរណៈរបស់មាតា និងទារក នេះជាគោលនយោ បាយថ្មីលើវិស័យសង្គមសម្រាប់កម្មករនិយោជិត។

សម្ដេចតេជោ ក៏បានអំពាវនាវដល់ម្ចាស់ ឬនិយោជកសណ្ឋាគារ រោងចក្រ សហគ្រាស គ្រឹះស្ថានការងារឯកជននានា ដែលមិនទាន់បាន ចុះបញ្ជីត្រូវប្រញាប់ប្រញាល់មកចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឲ្យកម្មករ-កម្មការិនីទទួលបាន អត្ថប្រយោជន៍ទាំងនេះ បើថៅកែមិនមកចុះបញ្ជីទេ បានន័យថា កម្មករនិយោជិតនៅទីនោះ មិនបានទទួលអត្ថប្រយោជន៍ ពីរាជរដ្ឋាភិបាលឡើយ។

សម្ដេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា គោលនយោបាយទាំងនេះ មិនមែនជាគោលនយោបាយសន្យាខ្យល់នោះទេ គឺនិយាយពិតធ្វើពិតជូនប្រជាពលរដ្ឋខ្មែរ ព្រោះនេះជាការពង្រីក និងបន្តដំណើរការពីគោលនយោបាយដែលមានស្រាប់ ឬអាចនិយាយថា ជាគោលនយោបាយថ្មីលើវិស័យសង្គមសម្រាប់កម្មករ-កម្មការិនី។

សម្ដេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនក្រុមគ្រូពេទ្យគ្រប់ទីកន្លែងទាំងអស់ ត្រូវបន្តខិតខំបម្រើកម្មករ-កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋ ទូទៅឲ្យអស់ពីដៃពីជើង និងត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនជាមួយសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសអ្នកឆ្លងទន្លេតែម្ដង។

ដោយក្ដីយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន មិនបានភ្លេចអំពាវនាវទៅដល់ក្រសួង សុខាភិបាល ក៏ដូចជាមន្រ្តីរាជការនៃក្រសួងនេះ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីព្យាបាលកម្មករនិយោជិត ដែលត្រូវទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពរបស់រដ្ឋ៕

ដកស្រង់ពី៖FRESH NEW