បណ្តាញសង្គម

សេចក្តីជូនដំណឹង ស្តីពីការយកថ្លៃអាករ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០ ១៤នេះទៅ សម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ទាំងការធ្វើថ្មី និងការធ្វើឡើងវិញ ត្រូវបង់ថ្លៃ ១ម៉ឺនរៀល។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែឧសភា បានឲ្យដឹងថា ការយកថ្លៃលើធ្វើ អត្តសញ្ញាណប័ណ្ណ ១ម៉ឺនរៀលនេះ ដើម្បីជួយសម្រាល បន្ទុករបស់រដ្ឋ ក្នុងការចំណាយថវិកាជាតិ សម្រាប់កិច្ចដំណើរ  ការងារផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលកន្លងមករាល់ការចំណាយ ទាំងអស់ជាបន្ទុក របស់រដ្ឋ។

បើតាមសេចក្តីប្រកាស ចុះហត្ថលេខា ដោយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលទទួលបាន នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះ ក៏បានឲ្យដឹងផងដែរថា ការកំណត់យកថ្លៃធ្វើ អត្តសញ្ញាណប័ណ្ណ ១ម៉ឺនរៀលនេះ ដើម្បីជួយគាំទ្រ និងធានានិរន្តរភាព ដល់ដំណើរការងារ ផ្តល់អត្តសញ្ញាណប័ណ្ណ  សញ្ជាតិខ្មែរ តាមរយៈការចូលរួម ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្ត កាតព្វកិច្ចជាពលរដ្ឋខ្មែរ ដែលជាគុណប្រយោជន៍ ដល់ថវិកាជាតិ។

ជាមួយសេចក្តីជូនដំណឹងនេះ ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអាយុ ១៥ឆ្នាំឡើង និង  ប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែររួចហើយ ប៉ុន្តែអស់សុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បី  ធានាបានសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ ក្នុងការបំពេញទម្រង់ បែបបទនានា ទៅតាមច្បាប់កំណត់៕