បណ្តាញសង្គម

ក្រសួងអប់រំ៖​​ វិញ្ញាសាប្រឡង ថ្នាក់ទី១២ ឆ្នាំនេះ មានមុខវិជ្ជា ជម្រើស២គឺ ប្រវត្តិវិទ្យា និងរូបវិទ្យា

ភ្នំពេញ៖ លិខិតរបស់ ក្រសួងអប់រំ ដែលកំណត់មុខវិជ្ជា ជម្រើសទាំង២ ក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា ការប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ត្រូវបានកំណត់ មុខវិជ្ជាជ្រើសរើស ចំនួន២មុខ គឺ ប្រវត្តិវិទ្យា និងរូបវិទ្យា សម្រាប់សម័យប្រឡង នៅខែសីហា ឆ្នាំ២០១៤ខាងមុខនេះ។

លិខិតរបស់ ក្រសួងអប់រំ ដែលចុះហត្ថលេខា ដោយ ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ ចុះថ្ងៃទី២០ ខែមិថុនានេះ ឲ្យដឹងថា លទ្ធផលនៃការ ចាប់ឆ្នោតជ្រើសរើស វិញ្ញាសាប្រឡង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ នៅទីស្តីការ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានកំណត់ មុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ចំណែកឯមុខវិជ្ជា រូបវិទ្យាសម្រាប់ ថ្នាក់វិទ្យាសាស្ត្រសង្គម។

ប្រធានសមាគម គ្រូបង្រៀន កម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានរិះគន់ លើនីតិវិធី របស់ក្រសួងអប់រំនេះ ដោយលោកចាត់ទុកថា ជាការបង្ក ការលំបាក ដល់បេក្ខជនប្រឡង។

យ៉ាណាក៏ដោយ លោក អំពាវនាវឲ្យ បេក្ខជន យកចិត្តទុកដាក់ លើរាល់មុខវិជ្ជា ប្រឡងទាំងអស់។ ទាក់ទងនឹង ការប្រឡងនេះ អង្គភាពប្រឆាំង អំពើពុករលួយ (ACU) បានប្រកាសថាខ្លួន នឹងសហការចុះ ត្រួតពិនិត្យដោយផ្ទាល់ ពិនិត្យមើលសកម្មភាព ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស ដែលនឹងចាប់ផ្តើម នៅថ្ងៃទី៤-៥ ខែ សីហា ឆ្នាំ២០១៤ ខាងមុខនេះ ដើម្បីឲ្យការប្រឡង កាន់តែទទួលបានគុណភាព ប្រកបដោយយុត្តិធម៌ ដោយមានកិច្ច សហការចូលរួម របស់ក្រុមសង្គមស៊ីវិល និងវិស័យ ឯកជនផងដែរ៕