បណ្តាញសង្គម

មន្រ្តីជំនាញ ក្រសួងព័ត៌មាន ចុះពិនិត្យ បច្ចេកទេស ស្ថានីយវិទ្យុ ក្នុងខណ្ឌចំការមន

ភ្នំពេញ៖ មន្ត្រីនាយកដ្ឋានសោតទស្សន៍ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន ចំនួន ៦រូប នឹងចុះធ្វើការ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ លក្ខណៈបច្ចេកទេស និងប្រមូលទិន្នន័យ នៅស្ថានីយវិទ្យុនានា នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ការចុះត្រួតពិនិត្យ របស់ក្រសួង ចាប់ផ្តើមពីថ្ងៃទី ១៧ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។

ឯកឧត្តម ប៊ុត បូវុត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានមានប្រសាសន៍ នៅថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០១៤ថា ស្ថានីយវិទ្យុនីមួយៗ បានធ្វើកិច្ចសន្យាថា គោរពប្រតិបត្តិ តាមការណែនាំ របស់ក្រសួង ហើយក្រសួង មានសិទ្ធិទៅត្រួតពិនិត្យ គ្រប់ពេលវេលា។ ចំពោះរឿង ចុះត្រួតពិនិត្យនេះ បានចាប់ផ្តើម ៣-៤ខែ កន្លងមកហើយ ដោយមិនត្រឹមតែពិនិត្យ ក្នុងខណ្ឌចំការមនមួយទេ គឺត្រួតពិនិត្យស្ថានីយវិទ្យុ នៅទូទាំងប្រទេស។

ឯកឧត្តម បានបន្តថា «ស្ថានីយវិទ្យុ រាល់ថ្ងៃនេះ ភាគច្រើន ម្ចាស់ហ្នឹង មិនបានគោរព តាមប្រកាស របស់ក្រសួងព័ត៌មានទេ។ ពេលប្រកាសមុន គាត់ដំឡើង មុនដំណើរការផ្សាយ ត្រូវរាយការណ៍ មកក្រសួង ចុះទៅត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ជៀសវាង ការឆ្លងគ្នា ឬបញ្ហាបច្ចេកទេសផ្សេងទៀត ដែលពាក់ព័ន្ធ»។

ឯកឧត្តម អគ្គនាយក បានបន្ថែមទៀតថា ការដំឡើងវិទ្យុ គឺមានលក្ខណៈខុស បច្ចេកទេសខ្លះ ចំពោះអង់តែន ក្រសួង ឲ្យកំពស់៧០ម៉ែត្រ តែអ្នកខ្លះដាក់ដល់ ៩០-១០០ម៉ែត្រ, ម៉ាស៊ីន ឲ្យដាក់ ១គីឡូ តែដាក់ដល់ ៣គីឡូ ដូច្នេះទើបការផ្សាយ មានការប៉ះទង្គិចគ្នា៕