បណ្តាញសង្គម

តួលេខអ្នកស្លាប់ដោយការលិចធ្លាយឧស្ម័នកប៉ាល់ ដឹកទំនិញរបស់ប្រទេសចិន បានឡើងដល់១០នាក់

មនុស្ស១០នាក់ បានស្លាប់បន្ទាប់ពីឧស្ម័នកាបោនឌីអុកស៊ីត បានលិចជ្រាបក្នុងកប៉ាល់ដឹកទំនិញមួយ នាកំពង់ផែ Longyan នៃទីក្រុង Weihai ខេត្ត Shandong ភាគខាងកើតប្រទេសចិន កាលពីថ្ងៃសៅរ៍ នេះបើតាមអជ្ញាធរក្នុងស្រុកប្រាប់កាលពីថ្ងៃអាទិត្យ។

ឧបទ្ទវហេតុនេះ បានកើតឡើងនាម៉ោងប្រម៉ាណ៤ល្ងាច នៅពេលដែលកប៉ាល់របស់ក្រុមហ៊ុនដឹកជញ្ជូន Fujian កំពុងត្រូវបានជួសជុល។ មនុស្ស១៩នាក់ បានរងរបួសក្នុងគ្រោះថ្នាក់នេះ គឺកំពុងទទួលនូវការព្យាបាលនាមន្ទីរពេទ្យក្នុងតំបន់។

ពួកគេ ឥលូវនេះឋិតក្នុងស្ថានភាពនឹងនរហើយ នេះបើតាមអជ្ញាធរប្រាប់។ ការស៊ើបអង្កេតបឋម បានបង្ហាញថា ឧស្ម័នកាបោនឌីអុកស៊ីត បានលិចចេញពីប្រព័ន្ធភ្លើង ដោយសារតែប្រតិបត្តិការណ៏មិនត្រឹមត្រូវរបស់សមាជិកនាវិក។ អ្នកដែលទទួលខុសត្រូវលើគ្រោះថ្នាក់នោះ គឺកំពុងឋិតក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស។

ការស៊ើបអង្កេតបន្ថែម គឺនៅតែកំពុងដំណើរការ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិន ស៊ិនហួរ កាលពីថ្ងៃចន្ទ។