Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតី អ៊ុយរូហ្កាយ៖ ខ្ញុំមិនក្រទេ តែខ្ញុំសន្សំសំចៃ

  • បោះពុម្ព

ជាធម្មតា មនុស្សភាគច្រើន តែងតែប្រាថ្នាចង់រស់ ក្នុងភាពហ៊ឺហារ មានលុយកាក់ បុណ្យសក្តិ និងអំណាច តែចម្លែកអី ប្រធានាធិបតី នៃប្រទេសដ៏តូចមួយ នៅអាមេរិកឡាទីន អ៊ុយរ៉ូហ្កាយ បែរជាស្រលាញ់ ការរស់នៅបែបសាមញ្ញ នៅជាយក្រុង ជាមួយផ្ទះតូចមួយ និងមិនត្រូវការ ភាពហ៊ឺរហារទៅវិញ។

អ្វីដែល គេនិយាយ មិនដាច់ពីមាត់ គឺប្រធានាធិបតីរូបនេះ ធ្វើដំណើរទៅធ្វើការ ដោយរថយន្តមួយគ្រឿងដ៏ ចាស់ម៉ាក VW Beetle ផលិតតាំងពីឆ្នាំ ១៩៨៧ ។ ក្រៅពីការសន្សំសំចៃ លោកបានបរិច្ចាក ថវិកាប្រមាណ ៩០ ភាគរយនៃប្រាក់បៀវត្ស ប្រចាំខែ របស់លោក ទៅជួយដល់ សកម្មភាពមនុស្សធម៌ លោកទុកតែថវិកា មួយចំនួនតូចសម្រាប់ ប្រើប្រាស់ផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃ របស់លោកតែប៉ុណ្ណោះ។

ស្ថិតក្នុងវ័យ ៧៨ ឆ្នាំ លោក ចូសេ មូស៊ីហ្កា (Jose Mujica) ត្រូវបានគេហៅថា ជាប្រធានាធិបតីដែលក្រ ជាងគេលើពិភពលោក យើងនេះ។ ថ្ងៃនេះគេហេទំព័រ ព័ត៌មានថ្មីៗ សូមលើកយក ចំនុចពិសេស ១០ យ៉ាងរបស់ ប្រធានាធិបតី ចូសេ មូស៊ីហ្កា ជូនប្រិយមិត្ត អ្នកអាន ស្វែងយល់។

១. មូស៊ីហ្កាមិនមែនក្រ តែលោកសន្សំសំចៃ ដោយសារមាន មនុស្សជាច្រើនហៅ មូស៊ីហា្ក ថាជាប្រធានាធិបតី ក្របំផុតនៅលើលោក លោកបានឆ្លើយតបវិញថា លោកមិនមែនក្រីក្រ ដូចគេនិយាយឡើយ តែលោកគ្រាន់តែ ចង់សន្សំសំចៃប៉ុណ្ណោះ។លោកបានផ្តល់និយមន័យ ដល់មនុស្សក្រីក្រថា ជាមនុស្សដែលមាន សេចក្តីត្រូវការ ច្រើនពេកក្រៃ រស់នៅខ្វះមុខ ខ្វះក្រោយសព្វបែបយ៉ាង។ តែលោកមិនដែលខ្វះខាតឡើយ ហើយលោកបញ្ជាក់ថា៖ « ខ្ញុំមានរបស់ ខ្ញុំត្រូវការហើយ ដូច្នេះខ្ញុំមិនមែនក្រីក្រទេ តែខ្ញុំជាមនុស្ស សន្សំសំចៃ»។

២. ប្រាក់ខែ ៩០ភាគរយ ត្រូវផ្ទេរទៅជួយសប្បុរសធម៌ ប្រហែលជាមាន តែប្រធានាធិបតីម្នាក់នេះទេ ដែលហ៊ានលះបង់ទ្រព្យធន លុយកាក់ដែលខ្លួនមាន និងរកបានស្ទើរតែទាំងអស់ ជួយសកម្មភាពមនុស្សធម៌ និងប្រជាជនដែល កំពុងអត់ឃ្លាន នោះ។ លោក មូស៊ីហ្កា ត្រូវបានគេកោតស្ញប់ស្ញែង ចំពោះសណ្ដានចិត្ត និងការបរិច្ចាគដ៏ធំធេងបំផុត ដោយផ្តល់ថវិកាប្រមាណ ៩០ ភាគរយនៃប្រាក់បៀវត្សសរុប ១២ ០០០ ដុល្លារអាមេរិកក្នុងមួយខែ ជួយដល់សកម្មភាពមនុស្សធម៌។ លោកបានបញ្ជាក់ថា លុយដែលលោករកបាន វាច្រើនជាងតម្រូវការ របស់លោក ដូច្នេះហើយ ថវិកានោះគួរតែត្រូវបាន ផ្ទេរទៅបម្រើប្រយោជន៍ ប្រជាជនដែលកំពុងប្រឈម នឹងបញ្ហាខ្វះខាតវិញ។

៣. ជីវិតសាមញ្ញជាជីវិតដ៏សុខសាន្ត ក្នុងតំណែង ជាប្រមុខរដ្ឋមួយ លោក មូជីហ្កា មិនដែលមើលឃើញភាពហ៊ឺហារ និងអំណាចជាធំ និងសំខាន់ ចំពោះលោកឡើយ។ ក្រោយពេលជាប់ជា ប្រធានាធិបតី លោកបានបដិសេធការ ស្នើសុំអោយរស់នៅវិមាន ប្រធានាធិបតី ដ៏ធំស្កឹមស្កៃ នារដ្ឋធានីម៉ុងតេវីដេអូ។ ក្រៅពីនេះលោក ក៏បដិសេធការផ្តល់ជូននូវ រថយន្តប្រធានធិបតី ទំនើប និងក្បួនហែរហម មុខក្រោយ អោយសមមុខសមមាត់ លោកជាប្រធានធិបតីផងដែរ។ ប្រធាធិបតីមួយនេះ សុខចិត្តចំណាយពេល រស់នៅជាយក្រុង ជាមួយផ្ទះឈើផ្ទាល់ ដីដ៏តូចមួយ ដាំបន្លែបង្ការ ហើយបន្តប្រើប្រាស់ រថយន្តសេរ៊ីចាស់ម៉ាក VW Beetle ទៅធ្វើការងារ ជារឿងរាល់ថ្ងៃទៅវិញ។

៤. គោលនយោបាយ លោក មូស៊ីហ្កា អនុញ្ញាតអោយ ជួញដូរកញ្ឆា ដោយស្របច្បាប់ ប្រទេស អ៊ុរ៉ាហ្កាយ បានក្លាយជារដ្ឋដំបូងបំផុត លើលោក ដែលធ្វើអោយ ការជួញដូរកញ្ឆានៅលើទីផ្សារ មានភាពស្របច្បាប់ ស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាល។ ការធ្វើនេះ គឺក្នុងគោលបំណង លុបបំបាត់ការជួញដូរ គ្រឿងញៀនខុសច្បាប់ និងជួយដល់អ្នក ដែលញៀននឹងគ្រឿងញៀន និងជួយដល់វិស័យ សុខាភិបាល នៅក្នុងប្រទសផងដែរ។

តាមរយៈច្បាប់ថ្មី ប្រជាជនអ៊ុយរ៉ូហ្កាយ ម្នាក់ៗ មានសិទ្ធិដាំ លក់ និងប្រើប្រាស់កញ្ឆា បានតាមចំនួន ដែលច្បាប់កំណត់ជាក់ស្តែង។ ការអនុញ្ញាត អោយការជួញដូរកញ្ឆា អាចធ្វើទៅបាន ដោយស្របច្បាប់នេះ ត្រូវបានពិភពលោក ចាប់អារម្មណ៍ យ៉ាងខ្លាំង ហើយ មានរដ្ឋមួយចំនួន នៅសហរដ្ឋអាមេរិក ក៏រៀបចំបើកអោយ មានការជួញដូរ ប្រើប្រាស់ស្របច្បាប់ ដូចគ្នាដែរ។

៥. មូស៊ីហ្កា អនុញ្ញាតអោយ ប្រជាជនមានសិទ្ធិរៀបការ ជាមួយមនុស្សភេទដូចគ្នា ការរើសអើង ជាការរំលោភ ទៅលើសិទ្ធិមនុស្ស ហើយការហាមឃាត់ ការរៀបការរវាង អ្នកមានភេទដូចគ្នា ក៏ជារឿងមួយ មិនត្រឹមត្រូវដែរ។នេះជាការយល់ឃើញ របស់លោក ប្រធានាធិបតី មូស៊ីហ្កា។ នៅក្នុងខែសីហា ឆ្នាំ ២០១៣ លោកបានចុះហត្ថេលខា លើសេចក្តីព្រាងច្បាប់មួយ អនុញ្ញាត អោយប្រជាជន ខ្លួន មានសិទ្ធិ សេរីភាពរៀបការ ជាមួយមនុស្ស មានភេទដូចគ្នា ដោយគ្មានការរើសអើង និងហាមឃាត់ឡើយ។ លោកបានធ្វើអោយ ប្រទេសអ៊ុយរ៉ូហ្កាយ ក្លាយជាប្រទេសទី២ នៅអាមេរិកឡាទីន កា្លយជាប្រទេសដែលទទួល ស្គាល់ការរៀប អាពាហ៍ពិពាហ៍ ជាមួយមនុស្ស មានភេទដូចគ្នា បន្ទាប់ពីអាហ្សង់ទីន។

៦. មូស៊ីហ្កា ប្រឆាំងនឹងការជក់បារី នៅទីសាធារណៈ លោក មូស៊ីហ្កា តែងតែប្រឆាំងទៅនឹង ការប្រើប្រាស់ផលិតផលថ្នាំជក់ ព្រោះលោកយល់ថា វាជាធ្វើអោយប៉ះពាល់ ខ្លាំងដល់សុខភាព សាធារណៈ។ ក្រោយមក លោក បានម្រេចអនុវត្ត ច្បាប់ហាមឃាត់ការ ប្រើប្រាស់ផលិតផល ថ្នាំជក់ ឬជក់បារីនាទីសាធារណៈ។ អ៊ុយរូហ្កាយ ក្លាយជាប្រទេសទីមួយ នៅអាមេរិកឡាទីន និងជាប្រទេសទីបី នៅលើពិភពលោក ដែលសម្រេចដាក់ ចេញគោលនយោបាយ ហាមឃាត់នេះ។

៧. លោក មូស៊ីហ្កា ជាអ្នកបរិស្ថាននិយម មិនមែនជារឿងចម្លែកទេ ដែលលោកចាយវាយត្បិតត្បៀត ហើយមិនចូលចិត្ត ការហ៊ឺហារ ដែលនេះ គឺដោយសារ លោកគិតគូរខ្លាំងពីបញ្ហា បរិស្ថានសកល។ មូស៊ីហ្កា តែងតែព្យាយាមកម្រិត ការប្រើប្រាស់ អ្វីដែលមិនចាំបាច់ និងការពារការខ្ជះខ្ជាយ ដែលជាមូលហេតុធ្វើអោយ ប៉ះពាល់ខ្លាំងដល់ បរិស្ថាន។

៨. កាត់បន្ថយភាពក្រីក្រ ជាគោលដៅរបស់ លោក មូស៊ីហ្កា ប្រធានាធិបតីក្រីក្របំផុតនេះ បើទោះជាលោកមិនចង់ មានបាន សម្រាប់ខ្លួនឯងក៏ដោយ តែលោកមិនភេ្លចឡើយ ភាពមានបានរបស់ ប្រជាជនលោក។ លោកតែងតែផ្តោតសំខាន់ ទៅលើការកាត់ បន្ថយភាពក្រីក្រ និងធ្វើអោយ ប្រជាជនអ៊ុរ៉ាហ្កាយ ទទួលបានប្រយោជន៍ស្មើៗគ្នា ពីការអភិវឌ្ឍន៍។ ជាក់ស្តែងរដ្ឋាភិបាល របស់លោកបានខិតខំ ប្រឹងប្រែង ដើម្បីកាត់បន្ថយ អាត្រាភាពក្រីក្រពី ៣៧ ភាគរយ មកត្រឹមតែ ១១ ភាគរយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

៩. លោក មូស៊ីហ្កា ស្រលាញ់សន្តិភាព និងប្រឆាំងការធ្វើ ទំនើបកម្មយោធា លោក មូស៊ីហ្កា តែងតែប្រឆាំង ទៅនឹងសង្គ្រាម និងការចំណាយ ច្រើនសន្ធឹកសន្ធាប់ ដើម្បីកសាងអំណាចយោធា។ លោកបានរិះគន់ទង្វើរនេះ ហើយលោកបានបញ្ជាក់ថា ពិភពលោកទាំងមូល បានចំណាយលើវិស័យ យោធាប្រមាណ ២ ពាន់លានដុល្លារក្នុងពេល ១ នាទី ដែលនេះជា ការខ្ជះខា្ជយខ្លាំងបំផុតមួយ។ ក្នុងពេលដែល លោកស្ថិតនៅ សាកលវិទ្យាល័យអាមេរិក លោកបានថ្លែងថា សង្គ្រាម មិនមែនជាមធ្យោបាយ ដោះស្រាយបញ្ហាឡើយ តែការចរចាជារឿងមួយ ដែលសំខាន់បំផុត មិនអាចខ្វះបាន។ លោក មូស៊ីហ្កា ក៏ជាអតីតទ័ពព្រៃដែល និយមទ្រឹស្តីម៉ាក បានតស៊ូដើម្បី ប្រឆាំងរដ្ឋាភិបាល ក្រោយមកលោក ក៏ត្រូបានចាប់ខ្លួន ហើយត្រូវបានដាក់ ពន្ធធនាគារប្រមាណ ១៤ ឆ្នាំ។

១០. ក្នុងនាមជាប្រធានាធិបតី លោក មូស៊ីហ្កា ប្រឆាំងការបោះឆ្នោតសារជាថ្មី និយាយពីបញ្ហានយោបាយ លោក មូស៊ីហ្កា តែងតែប្រឆាំង នឹងការបោះឆ្នោត ជ្រើសរើស ប្រធានាធីបតី ឬមេដឹកនាំអោយ កាន់តំណែងច្រើនដង បន្តបន្ទាប់គ្នា។ លោកយល់ថា ការណ៍នេះនឹង ជំរុញអោយមនុស្សម្នាក់ ឬក្រុមទាំងនោះ អាចកាន់អំណាច យូរអង្វែងពេក ហើយនឹងបង្កើតអោយ មានការប្រពឹត្ត អំពើពុករលួយ នៅក្នុងស្ថាប័ន និងការរំលោភអំណាច។

លោកតែងតែ មើលឃើញខ្លួនឯង ជាអ្នកសាធារណៈរដ្ឋ ហើយលោកជឿជាក់ ថាគ្មានមនុស្សណាល្អ ជាងមួយណាឡើយ សូម្បីតែប្រធានាធិបតី។ លោកចាត់ទុក ប្រជាធានាធិបតី ជាអ្នកទទួលបានការបោះឆ្នោត ពីប្រជាជន ដើម្បីបម្រើប្រជាជន ក្នុងនាម មន្ត្រីរាជការម្នាក់ប៉ុណ្ណោះ ពួកគេមិនមែនជាស្តេច ឬជាព្រះ ដែលត្រូវបន្តតំណែង យូរអង្វែងឡើយ។ ដូច្នេះប្រធានាធិបតី ត្រូវតែចាកចេញ មិនត្រូវបន្តកាន់ តំណែងយូរពេកទេ ដោយសារមានអ្នកដទៃ អាចជំនួសតំណែងនេះបាន៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ