បណ្តាញសង្គម

មេដឹកនាំប្រទេសជប៉ុន និងសហរដ្ឋអាមេរិក អះអាងពីសារះសំខាន់នៃសម្ព័ន្ធមិត្ត នាជំនួបប្រជុំកំពូលក្នុងទីក្រុង Tokyo

មេដឹកនាំរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីសារះសំខាន់នៃសម្ព័ន្ធមិត្តរបស់ប្រទេសទាំងពីរ នាដើមដំបូងនៃកិច្ចប្រជុំ ក្នុងទីក្រុង Tokyo កាលពីថ្ងៃចន្ទ។

លោកនាយករដ្ឋមន្រ្តីប្រទេសជប៉ុន Shinzo Abe អំឡុងពេលចាប់ផ្តើមកិច្ចប្រជុំជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានថ្លែងថា “ខ្ញុំ សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក និងលោកស្រី Trump នេះជាអ្វីមួយ ដែលគួរឲ្យចាប់អារម្មណ៏ចំពោះការបើកទំព័រសករាជថ្មី Reiwa “។

លោក ចង់បង្កើតឪកាសនេះ ដើម្បីបង្ហាញឲ្យកាន់តែច្បាស់ថា ចំណងនៃសម្ព័ន្ធមិត្តរវាងជប៉ុន និងសហរដ្ឋអាមេរិក បានបន្តកាន់តែរឹងមាំក្នុងសករាជ Reiwa បើតាមមេដឹកនាំជប៉ុនបន្ថែម។

សម្រាប់ចំណែករបស់លោកត្រាំ លោក បានថ្លែងថា លោក មានទំនាក់ទំនងល្អជាមួយនឹងសមភាគីជប៉ុនរបស់លោក ហើយថា ទំនាក់ទំនងនោះ គឺជាអ្វីល្អបំផុតដែលធ្លាប់មាន។ ក្នុងបញ្ហាពាណិជ្ជកម្ម លោកត្រាំ បានប្រាប់ថា “ខ្ញុំ គិតថា យើង នឹងប្រកាសពីកិច្ចការមួយចំនួនប្រហែលជានៅខែសីហា ដែលនឹងជារឿងដ៏ល្អសម្រាប់ប្រទេសទាំងពីរ”។

ការគូសបញ្ជាក់របស់លោក ត្រូវបានធ្វើឡើងដោយយោងលើឧនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយនឹងប្រទេសជប៉ុន ដែលជាអ្វីលោកត្រាំ បានពិពណ៌នាថា ជា “អតុល្យភាពយ៉ាងខ្លាំង“។ មុនជំនួបប្រជុំ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយះពេល៤ថ្ងៃរបស់លោក រហូតដល់ថ្ងៃអង្គារ៍ លោកត្រាំ បានថ្លែងថា បញ្ហាយោធា ពាណិជ្ជកម្ម និងបញ្ហាដែលពាក់ព័ន្ធនឹងឧបទ្វីបកូរ៉េ បានត្រូវ និងអាចលើកយកមកពិភាក្សាគ្នា។

លើបញ្ហាភាពតានតឹង ដែលចេះតែកើនឡើងក្នុងឈូងសមុទ្រពែក លោកត្រាំ មានជំនឿថា ប្រទេសអ៊ីរ៉ង់ នឹងបើកចំហកិច្ចពិភាក្សាគ្នា ហើយថា លោក ក៏មានបំណងនឹងចូលរួមកិច្ចប្រជុំនោះជាមួយរដ្ឋធានី Tehran ។ កាលពីព្រឹកថ្ងៃចន្ទ លោកត្រាំ បានក្លាយជាប្រមុខរដ្ឋទី១ ដែលចូលជួបអធិរាជថ្មី Naruhito របស់ប្រទេសជប៉ុន ដែលទើបឡើងសោយរាជ្យ កាលពីដើមខែឧសភាកន្លងមក។

លោកត្រាំ និងលោកជំទាវ Melania ត្រូវបានស្វាគមន៍នាព្រះរាជវាំង Imperial ក្នុងទីក្រុង Tokyo ដោយអធិរាជ Naruhito និងរាជនី Masako ហើយនឹងអញ្ជើញចូលរួមពិធីលាងសាយភោជន៍ នាវិមានដដែល នាវេលាល្ងាច នេះបើតាមការផ្សាយរបស់សារព័ត៌មានចិន ស៊ិន ហួរ នាថ្ងៃអង្គារ៍។