បណ្តាញសង្គម

សហរដ្ឋអាមេរិក ចោទរុស្ស៊ីជាថ្មីថា រំលោភបំពានលើសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

  (វ៉ាស៊ីនតោន)៖ រុស្ស៊ីទំនងជាបាន និងកំពុងរំលោភបំពាន លើបម្រាមធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ នៅឯតំបន់ Arctic ស្របពេល មហាអំណាចយោធាទាំង២ កំពុងភាពតានតឹងនឹងគ្នា ក្រោយការប្រកាសដកខ្លួនចេញ ពីសន្ធិសញ្ញានុយក្លេអ៊ែរ INF។

នេះបើតាម មន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។ លោកឧត្តមសេនីយ៍ Robert Ashley ដែលជានាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់ ការពារជាតិអាមេរិក ធ្វើការកត់សម្គាល់បែបនេះ ដោយចង់សំដៅលើ កិច្ចព្រមព្រៀងហាមឃាត់ ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរCTBT ដែលសហរដ្ឋអាមេរិក និងរុស្ស៊ី សុទ្ធតែជាប្រទេសហត្ថលេខី។

លោក Ashley បានគូសបញ្ជាក់ ដូច្នេះថា៖ «តាមរយៈបទពិសោធន៍ នៃការអភិវឌ្ ឍអាវុធនុយក្លេអ៊ែររបស់យើង បានធ្វើឱ្យយើងជឿជាក់ថា  សកម្មភាពធ្វើតេស្ដ របស់រុស្ស៊ីគឺនឹងជួយ ដល់ការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ពួកគេ»។

លោក បន្ថែមទៀតថាសហរដ្ឋអាមេរិក ក៏បានរំពឹងដែរថារុស្ស៊ី ទំនងជាបានធ្វើតេស្ដអាវុធជាច្រើននៅឯ កោះ Novaya Zemlya ក្នុងគោលបំណង បង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ សម្រាប់រយៈពេល១០ឆ្នាំ ខាងមុខ។

គួរបញ្ជាក់ថា រុស្ស៊ីដែលបានផ្ដល់សច្ចាប័ន ដល់សន្ធិសញ្ញា CTBT កាលពីឆ្នាំ២០០៨ បានអះអាងថាខ្លួន បានគោរពយ៉ាងខ្ជាប់ខ្ជួន តាមសន្ធិសញ្ញានេះ ខណៈសហរដ្ឋអាមេរិក ក៏បានចុះហត្ថលេខាលើសន្ធិសញ្ញា នេះដែរ តែមិនទាន់ផ្ដល់សច្ចាប័ននៅឡើយទេ៕

ដកស្រង់ពី៖ Fresh News