បណ្តាញសង្គម

ចិនដាស់តឿននិស្សិតរបស់ខ្លួនគិតគូរឲ្យបានហ្មត់ចត់ពីហានិភ័យនៃការទៅសិក្សានៅអាមេរិក

  (ប៉េកាំង)៖ ទីក្រុងប៉េកាំង នាថ្ងៃចន្ទនេះ បានក្រើនរំលឹកនិស្សិតរបស់ខ្លួន ឲ្យធ្វើការពិចារណាឲ្យបានល្អិតល្អន់ អំពីការចេញទៅ ទទួលយកការសិក្សា នៅឯសហរដ្ឋអាមេរិក ដោយលើកឡើងនូវហេតុផល អំពីការរឹតត្បិតលើទិដ្ឋាការនៅទីនោះ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។

បើតាមស្ថានីយទូរទស្សន៍រដ្ឋចិន ដែលស្រង់សម្តីពីក្រសួងអប់រំចិន ឲ្យដឹងថា និស្សិតចិនមួយចំនួន ដែលមានបំណង ចង់ទៅរៀនសូត្ រនៅសហរដ្ឋអាមេរិក បានជួបប្រទះបញ្ហាផ្សេងៗ ទាក់ទិនទៅនឹងរយៈពេល នៃសុពលភាពទិដ្ឋាការរបស់ពូកគេ ដែលត្រូវបានដាក់កំហិត  រួមជាមួយកំណើននៃការបដិសេធ មិនផ្តល់ទិដ្ឋាការឲ្យពួកគេកាន់តែច្រើនឡើង ហើយបញ្ហានេះបានប៉ះពាល់ជាខ្លាំង ចំពោះនិស្សិតចិន  ដែលចង់ទៅសិក្សានៅអាមេរិក ឬក៏និសិ្សតដែលចង់បញ្ចប់ ការសិក្សាឲ្យបានរលូន។

ដោយសារតែហេតុនេះ ក្រសួងអប់រំចិន បានអំពាវនាវឲ្យនិស្សិតចិនទាំងអស់ ត្រូវពង្រឹងសមត្ថភាពត្រិះរិះ ក៏ដូចជាវាយតម្លៃអំពី ហានិភ័យមុនពេលចេញទៅសិក្សា នៅឯក្រៅប្រទេស និងត្រូវចេះត្រៀមលក្ខណៈ ឆ្លើយតបដែលសមស្រប។ ទាក់បញ្ហាខាងលើ  អ្វីដែលត្រូវធ្លាក់ក្រោមហានិភ័យ គឺលំហូរសេដ្ឋកិច្ចទំហំ១៤ពាន់លានដុល្លារ ដែលភាគច្រើន បានមកប្រចាំឆ្នាំ ពីការបង់ថ្លៃសិក្សា  និងការចំណាយផ្សេងៗទៀត របស់និសិ្សតចិន ដែលសិក្សានៅសហរដ្ឋអាមេរិក។

គួរជម្រាបថា ការដាស់តឿននេះ បានកើតមានឡើង ស្របពេលដែលចិននិងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការបន្តធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា ក្រោយកិច្ចចរចារវាង ប្រទេសទាំងពីរបានជាប់គាំងទៅ៕

 ដកស្រង់ពី៖ Fresh News