បណ្តាញសង្គម

សហរដ្ឋអាមេរិក នឹងលក់ឌ្រូនស៊ើបយកការណ៏ ចំនួន៣៤គ្រឿង ដល់សម្ព័ន្ធមិត្ត ក្នុងតំបន់ដែនសមុទ្រចិនខាងត្បូង

រដ្ឋបាលលោកត្រាំ បានធ្វើចលនានាំមុខជាមួយនឹងការលក់យន្តហោះឌ្រូនឈ្លបយកការណ៏ ទៅកាន់សម្ព័ន្ធមិត្តអាមេរិកចំនួន៤ប្រទេស ក្នុងតំបន់ដែនសមុទ្រចិនខាងត្បូង ខណះលោករដ្ឋមន្រ្តីការពារជាតិស្តីទី Patrick Shanahan បានថ្លែងថា រដ្ឋធានីវ៉ាស៊ិនតោន នឹងលែង “ដើរលបៗ” ជុំវិញឥរិយាបថរបស់ប្រទេសចិន ក្នុងទ្វីបអាស៊ីទៀតហើយ។

យន្តហោះឌ្រូននោះ អាចលៃលកបាននូវសមត្ថភាពប្រមូលព័ត៌មានដ៏ខ្លាំងក្លា ទប់ស្កាត់សក្តានុពលនូវរាល់សកម្មភាពរបស់ប្រទេសចិន នៅក្នុងតំបន់។ លោក Shanahan មិនបានបញ្ចេញឈ្មោះប្រទេសចិនចំៗនោះទេ នៅពេលធ្វើការចោទប្រកាន់ “តួឯក” ដែលបង្កអស្ថេរភាពតំបន់ ក្នុងសុន្ទរកថាមួយ នាកិច្ចប្រជុំ Shangri-La ប្រចាំឆ្នាំ នាប្រទេសសឹង្ហបុរី កាលពីថ្ងៃសៅរ៍ ប៉ុន្តែ បានបន្តការនិយាយរបស់លោកថា សហរដ្ឋអាមេរិក មិនធ្វើព្រងើយចំពោះឥរិយាបថរបស់ប្រទេសចិននោះទេ។

មន្ទីរបច្ចាកោណ បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួន អាចលក់ឌ្រូន ScanEagle ចំនួន៣៤គ្រឿង ដែលផលិតដោយក្រុមហ៊ុន Boeing ទៅឲ្យរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម ក្នុងទឹកប្រាក់សរុបចំនួន ៤៧លានដុល្លារអាមេរិក។ ការលក់នោះ រួមទាំងគ្រឿងបំលាស់ និងគ្រឿងជួសជុល ឧបករណ៏ទ្រទ្រង់ ឧបករណ៏ ការបណ្តុះបណ្តាល និងសេវាកម្មបច្ចេកទេស ហើយការងារលើឧបករណ៏នោះ ត្រូវរំពឹងនឹងបញ្ចប់នៅខែមីនា ឆ្នាំ ២០២២ នេះបើតាមការផ្សាយរបស់ Channel News Asia នាថ្ងៃអង្គារ៍។