បណ្តាញសង្គម

លោក ដូណាល់ ត្រាំ បង្ហើបផែនការអន្តោប្រវេសន៍ជាមួយម៉ិចស៊ីកូ ដោយចៃដន្យពេលគ្រវីក្រដាសចុះ ឡើងមុខអ្នកសារព័ត៌មាន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបដោយអចេនា ពីផែនការលម្អិត  មួយចំនួន ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង អន្តោប្រវេសន៍ ជាមួយម៉ិចស៊ីកូ នៅចំពោះមុខអ្នកសារព័ត៌មាន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ត្រាំ បានបង្ហើបពីផែនការខាងលើ ដោយចៃដន្យ កាលពី ថ្ងៃពុធ នៅឯសេតវិមាន នៅពេលលោកគ្រវីក្រដាសមួយសន្លឹក នៅក្នុងដៃចុះឡើង  ដែលមានសរសេរ ពីកិច្ចព្រមព្រៀង ជាមួយម៉ិចស៊ីកូនៅក្នុងនោះ។

លោកត្រាំ បានបដិសេធ បញ្ជាក់បន្ថែមប្រាប់ អ្នកសារព័ត៌មាន ដោយអះអាងថា វាកិច្ចការសំងាត់  ប៉ុន្តែក្រុមអ្នកសារព័ត៌មាន ដែលថតជាប់ក្រដាស នោះ បានឱ្យដឹងថា កិច្ចព្រមព្រៀង គឺនិយាយអំពីផែនការចាត់ទុក ម៉ិចស៊ីកូជាប្រទេសមានសុវត្ថិភាព ទី៣។

ពោលគឺបើសិនជាម៉ិចស៊ីកូ ត្រូវបានចាត់ទុកជាប្រទេស មានសុវត្ថិភាពទី៣ នោះការស្នើសុំសិទ្ធិ ជ្រកកោនរបស់ជនអន្តោប្រវេសន៍  នឹងត្រូវធ្វើឡើង នៅលើទឹកដីម៉ិចស៊ីកូ ជាជាងនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមឯកសារនៅក្នុងដៃរបស់លោក ដូណាល់ ត្រាំ ម៉ិចស៊ីកូក៏បានប្ដេជ្ញាចិត្តផងដែរ ក្នុង ការត្រួតពិនិត្យជាបន្ទាន់លើច្បាប់នានារបស់ខ្លួន ដើម្បីក្លាយជាប្រទេសមានសុវត្ថិភាពទី៣ ក្នុងករណី ចាំបាច់។ ការធ្វើបែបនេះទៀតសោត គឺមានគោលបំណងរួចផុតពីការដំឡើងពន្ធ ឬទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News