បណ្តាញសង្គម

បើមិនអាចសម្រេចបានកិច្ចព្រមព្រៀង ខ្ញុំនឹងដំឡើងពន្ធបន្ថែមលើចិន, នេះជាសម្ដីលោក ត្រាំ មុនជួបលោក ស៊ី នៅ G20

  (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បាននិយាយថានឹង  អាចនឹងដំឡើងពន្ធបន្ថែម លើផលិតផលនាំចូលពីចិន បើសិនជាលោក មិនអាចសម្រេចបាន កិច្ចព្រមព្រៀងជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទេនោះ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។ ថ្លែងនៅក្នុងបទសម្ភាសន៍ ទូរទស្សន៍ Fox Business Network លោក តាំ្រ បានលើកឡើង ដូច្នេះថា៖ «ខ្ញុំនឹងដំឡើងពន្ធបន្ថែម លើចិន បើសិនជា កិច្ចចរចា មិនដំណើរការណ៍ទៅមុខ បើសិន ជាយើងមិនអាចសម្រេចបាន កិច្ចព្រមព្រៀងណាមួយទេនោះ»។

ប្រធានាធិបតីអាមេរិករូបនេះ បន្ថែមថាបើសិនជា ទីក្រុងវ៉ាស៊ីនតោន និងចិន មិនអាចឈានដល់កិច្ចព្រមព្រៀង នោះលោកក៏នឹង កាត់បន្ថយការធ្វើពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងផងដែរ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងសប្ដាហ៍នេះ នៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ជាទីដែល មេដឹកនាំទាំង២ ត្រូវដោះស្រាយបញ្ហាជាច្រើន ជាពិសេសគឺសង្រ្គាមពាណិជ្ជកម្មតែម្ដង៕

ដកស្រង់ពី៖ Fresh News