បណ្តាញសង្គម

ស្លាប់៤នាក់ និងរងរបួស១០០នាក់ ក្នុងព្រឹត្តិការណ៏ធ្លាក់ផ្លូវរថភ្លើង នៅប្រទេសបឹងក្លាដេស

មានករណីរថភ្លើង រេធ្លាក់ពីផ្លូវរត់មួយខ្សែ នាភាគឥសាន្តប្រទេសបឹងក្លាដេស ដោយបានសម្លាប់មនុស្សហោចណាស់៤នាក់ និងរងរបួសប្រហែលជា១០០នាក់ នេះបើតាមមន្រ្តីប្រាប់កាលពីថ្ងៃចន្ទ។

គ្រោះថ្នាក់នេះ បានកើតឡើងក្នុងស្រុក Moulvibazar ប្រមាណ២០៣គ.មពីរដ្ឋធានី Dhaka ។ មន្រ្តីសេវាកម្មអគ្គិភ័យក្នុងតំបន់ម្នាក់ បានប្រាប់កាសែតស៊ិនហួរថា គ្រោះថ្នាក់នេះ បានកើតឡើងប្រហែលជាម៉ោងជិត១២យប់ ម៉ោងក្នុងស្រុក នាយប់ថ្ងៃអាទិត្យ។

បើតាមមន្រ្តីរូបនោះ ទូមួយរបស់រថភ្លើង Upaban Express ដែលធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី Dhaka ពីទីក្រុងភាគឥសាន្ត Sylhet បានធ្លាក់ចូលក្នុងប្រលាយទឹកព្រែក ខណះទូរថភ្លើង២ផ្សេងទៀត បានធ្លាក់ជិតនឹងមាត់ច្រាំងរបស់ប្រលាយទឹកព្រែកនោះ។

តាមមន្រ្តីដដែលនោះប្រាប់ថា សេវាកម្មជួយសង្រ្គោះ គឺបានឋិតនៅកន្លែងកើតហេតុ។ តួលេខអ្នកស្លាប់ អាចមានច្រើនជាងនេះ។ បុព្វហេតុនៃគ្រោះថ្នាក់នេះ គឺកំពុងតែស៊ើបអង្កេត នេះបើតាមការផ្សាយរបស់ស៊ិនហួរ នាថ្ងៃពុធ។