បណ្តាញសង្គម

លោក Trump និងលោក Kim Jong Un បានជួប និងចាប់ដៃគ្នាក្នុងតំបន់ Panmunjom

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងមេដឹកនាំជាន់ខ្ពស់របស់សាធារណះរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ Kim Jong Un បានជួប និងចាប់ដៃគ្នា កាលពីថ្ងៃអាទិត្យ នាភូមិ Panmunjom តាមបណ្តាយព្រំដែនអន្តកូរ៉េ នេះបើតាមការផ្សាយបន្តផ្ទាល់បង្ហាញ។

មេដឹកនាំទាំងពីរ បានចាប់ដៃជាប្រវត្តិសាស្រ្ត ដោយឈរលើខ្សែបន្ទាត់ខ័ណ្ឌសីមាយោធាអន្តកូរ៉េ របស់ភាគីទាំងពីរលេចយ៉ាងច្បាស់ដោយត្រឹមតែថ្មបេតុងទាបមួយប៉ុណ្ណោះ។ រួមាជាមួយលោកគីម លោកត្រាំ បានឆ្លងកាត់តំបន់ខ័ណ្ឌ ចូលក្នុងទឹកដី Panmunjom របស់កូរ៉េខាងជើង ដែលបានក្លាយ មេដឹកនាំអាមេរិកដំបូងគេដែលបានឈានជើងចូលទៅទឹកដីកូរ៉េខាងជើង។

មកដល់ទឹកដីកូរ៉េខាងជើង មេដឹកនាំទាំងពីរ បានចាប់ដៃគ្នាជាថ្មីម្តងទៀត ហើយបានថតរូបជាអនុស្សាវរីយ មុនពេលឆ្លងត្រលប់ចូលមកខាងភាគីកូរ៉េខាងត្បូងវិញ។ មេដឹកនាំកូរ៉េខាងត្បូង Moon jae-in ក៏បានចូលរួមជាមួយមេដឹកនាំទាំងពីរខាងលើដែរ ដោយជជែកជាមួយគ្នាទៅវិញ ទៅមក ដោយញញឹមពព្រាយ។

លោកគីម បានសរសើរលោកត្រាំ នូវការប្តេជ្ញាចិត្ត អស្ចារ្យរបស់លោក ក្នុងការត្រួសត្រាយអនាគតដ៏ល្អមួយ និងលុបបំបាត់បញ្ហាអាក្រក់ពីមុនដែលលោកបាននិយាយថា លោក ត្រាំ គឺជាប្រធានាធិបតីអាមេរិកដំបូង ដែលបានចូលទៅកាន់ទឹកដីកូរ៉េខាងជើង។ ដោយហៅកិច្ចប្រជុំ Panmunjom ថាជា «ចលនាប្រវត្តិសាស្រ្ត» លោកត្រាំ បាននិយាយថា លោកបានបង្កើតនូវទំនាក់ទំនងដ៏អស្ចារ្យជាមួយលោកគីម។

លោកត្រាំ បានអញ្ជើញលោកគីម ឱ្យមកជួបជុំគ្នានៅតំបន់ខ័ណ្ឌសីមា តាមរយៈសារ Twitter កាលពីថ្ងៃសៅរ៍ ដោយនិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅប្រទេសជប៉ុនថា លោក អាចនឹងចង់ឆ្លងព្រំដែនកូរ៉េខាងត្បូង ចូលទៅក្នុងទឹកដីកូរ៉េខាងជើង ប្រសិនបើលោក គីមបង្ហាញខ្លួន។

បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G20 លោក ត្រាំបានមកដល់កូរ៉េខាងត្បូង កាលពីរាត្រីថ្ងៃសៅរ៍ និងបានធ្វើកិច្ចចរចាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃអាទិត្យ។ ឧបទ្វីបកូរ៉េ ត្រូវបានគេបែងចែក ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ 1950-53 និងបានបញ្ចប់ជាមួយនឹងបទឈប់បាញ់គ្នា នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។