បណ្តាញសង្គម

ចុង​ក្រោយ ត្រាំ ព្រម​អនុញ្ញាត​ឱ្យ Huawei ចូល​ជាន់​ដី​អា​មេ​រិ​ក​វិញ

អូសាកា៖ តាមប្រភពព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន ជាមួយនឹងប្រធានាធិបតីចិនលោក ស៊ី ជីនពីង លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានអះអាងថា ក្រុមហ៊ុនអាមេរិកនានានឹងទទួលការអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិន Huawei ឡើងវិញ ។

លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងអូសាកាយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនអាមេរិកអាចលក់ផលិតផលរបស់ពួកគេឱ្យទៅ Huawei បាន។ ពួកយើងនិយាយនេះ គឺសំដៅទៅលើផលិតផលណា ដែលគ្មានការគម្រាមកំហែងដល់សន្តិសុខជាតិអាមេរិក»។

លោកបានបន្តថា៖«ខ្ញុំបាននិយាយហើយ វាគឺគ្មានបញ្ហាទេ! វាធ្វើឲ្យយើងអាចបន្តលក់ផលិតផលរបស់យើង… ពួកគេគឺជាក្រុមហ៊ុនរបស់អាមេរិក ដែលបានផលិតផលិតផលទាំងនេះ (បរិក្ខាបំពាក់ឲ្យ Huawei) ។ វាពិតជាស្មុគស្មាញណាស់ចំពោះរឿងនេះ ។ ខ្ញុំយល់ព្រមអនុញ្ញាតឲ្យពួកគេបន្តលក់ផលិតផលនោះ នោះទើបក្រុមហ៊ុនអាមេរិកអាចបន្តដំណើរទៅមុខទៀតបាន»។

ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំទ្វេភាគីរវាងលោក ត្រាំ និងលោក ស៊ី ជិនពីង ភាពវិជ្ជមានជាច្រើនបានកើតឡើងដូចជា អាមេរិកបានសន្យាមិនដំឡើងពន្ធលើចិនទៀត និងបានព្រមព្រៀងគ្នាបន្តកិច្ចពិភាក្សា ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម ជាពិសេសគឺបញ្ហា Huawei នេះតែម្តង ។

គួរបញ្ជាក់ផងដែរថា កន្លងមកអាមេរិកបានប្រកាសថាបិទ Huawei ពីការពាក់ព័ន្ធប្រព័ន្ធ 5G ដោយអះអាងថា វាគឺជាការគម្រាមកំហែងដល់សន្តិសុខជាតិ។ ខាងអាមេរិកបានចោទប្រកាន់ថា រដ្ឋាភិបាលរបស់ចិនអាចនឹងប្រើប្រាស់ផលិតផលរបស់ខ្លួន ដើម្បីតាមដានប្រទេសដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទរបស់ Huawei ៕

ដកស្រង់ពី៖ កោះសន្តិភាព ប្រភព ៖ Bloomberg