បណ្តាញសង្គម

យន្តហោះមួយគ្រឿង បានធ្លាក់ និងសម្លាប់មនុស្ស១០នាក់ នារដ្ឋតិចសាស់

យន្តហោះដឹកអ្នកដំណើរទំហំតូចមួយគ្រឿង ដែលមានម៉ាស៊ីនភ្លោះ បានធ្លាក់ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ដោយសម្លាប់មនុស្សអស់១០នាក់ នេះបើតាមក្រុមមន្រ្តីប្រាប់។

បើតាមអ្នកនាំពាក្យទីក្រុង Addison នៃរដ្ឋតិចសាស់ បានប្រាប់ថា មន្រ្តីត្រួតពិនិត្យវេជ្ជសាស្រ្តក្រុង Dallas បានបញ្ជាក់ពីចំនួនស្លាប់១០នាក់ និងមិនមានអ្នកនៅរស់រានមានជីវិតទេ។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ បានប្រកាសថា ខ្លួន បានបញ្ជូនក្រុមការងារមួយទៅកាន់ក្រុង Addison ដើម្បីស៊ើបអង្កេតពីការធ្លាក់ចុះនៃយន្តហោះ King Air 350 ដែលជាប្រភេទយន្តហោះកង្ហារដឹកអ្នកដំណើរ មានម៉ាស៊ីនភ្លោះ។

ក្រុមប្រឹក្សានោះ មិនបានផ្តល់នូវព័ត៌មានលំអិតបន្ថែមស្តីពីការធ្លាក់ ឬក៏បុព្វហេតុនៃការធ្លាក់នោះទេ។ ខ្សែវីដេអូ ដែលបានផ្សាយដោយបណ្តាញព័ត៌មានអាមេរិក បានបង្ហាញនូវផ្ទាំងដ៏ធំសំបើមនៃផ្សែងខ្មៅ ខ្ជាក់ចេញពីអគារមួយកន្លែង នាអាកាសយាន្តដ្ឋាន ខណះក្រុមពន្លត់អគ្គិភ័យ បានដឹកនាំបណ្តាញទឹក ទៅកាន់កន្លែងឆេះនោះ។

CNN បានផ្សាយថា យន្តហោះនោះ គឺជាប្រភេទយន្តហោះឯកជន ហើយថា វាបានធ្លាក់ចូលក្នុងម៉ាស៊ីនថ្ពក់ នាអាកាសយាន្តដ្ឋាននៅក្នុងតំបន់។ សារព័ត៌មាន CBS បានស្រង់សម្តីប្រភពនានាថា យន្តហោះនោះ បានបាត់បង់ម៉ាស៊ីននៅពេលហោះហើរ ហើយបានចូលទៅក្នុងម៉ាស៊ីនថ្ពក់ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃច័ន្ទ។