បណ្តាញសង្គម

អ៉ីរ៉ង់បង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ជាការសងសឹកនឹងទណ្ឌកម្មអាមេរិក

(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Javad Zarif នៅថ្ងៃចន្ទនេះ បានទទួលស្គាល់ហើយថា ទីក្រុង តេហេរ៉ង់ បានរំលោភ លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ តាមរយៈការបង្កើនការចម្រាញ់ និងស្ដុកទុក សារធាតុអ៊ុយរ៉ាញ៉ូម លើសពី៣០០គីឡូក្រាម។

នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។

ថ្លែងប្រាប់ សារព័ត៌មានអ៉ីរ៉ង់ Isna លោក Javad Zarif បានគូសបញ្ជាក់ដូច្នេះថា៖ «ផ្អែកលើអ្វី ដែលខ្ញុំបានប្រាប់ ពីលើកមុន អ៉ីរ៉ង់បានចាប់ផ្ដើម ចម្រាញ់ និងស្ដុកទុក សារធាតុអ៊ុយរ៉ាញ៉ូម លើសពី៣០០គីឡូក្រាម ដែលជាកម្រិតត្រូវ  បានដាក់កំហិត នៅក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥»។

គួរជម្រាបថា ការសម្រេចចិត្ត ខាងលើរបស់អ៉ីរ៉ង់ ធ្វើឡើងជាការឆ្លើយតប ទៅនឹងសហរដ្ឋអាមេរិក ដែលទើបតែ ប្រកាស ដាក់ទណ្ឌកម្ម ប្រឆាំងនឹងមេដឹកនាំកំពូល អ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីជានខ្ពស់ជា ច្រើននាក់ ក្នុងនោះរួមមានទាំង លោក Javad Zarif ផងដែរ៕

ដកស្រង់ពី៖ Fresh News