បណ្តាញសង្គម

នាវិក១៤នាក់ បានស្លាប់ក្នុងអគ្គិភ័យ ឆាបឆេះនាវាមុជទឹកប្រទេសរុស្សី

កម្មករដើរសមុទ្រជនជាតិរុស្សីចំនួន ១៤នាក់ បានស្លាប់បាត់បង់ជីវិតក្នុងអគ្គិភ័យ លើនាវាស្រាវជ្រាវមុជទឹកជ្រៅមួយគ្រឿង នេះបើតាមក្រសួងការពារប្រទេសរុស្សី ប្រាប់នៅថ្ងៃអង្គារ៍ នៅចំពេលការផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុកថា នាវានោះ គឺជានាវាមុជទឹកខ្នាតតូចប្រើប្រាស់ថាមពលនុយក្លេអ៊ែរដ៏សំងាត់មួយគ្រឿង។

មន្រ្តីរុស្សី បានផ្តល់នូវព័ត៌មានតិចតួចណាស់អំពីនាវា ឬក៏ស្ថានភាពនៃឧបទ្ទវហេតុនោះ ប៉ុន្តែវត្តមាននៃមន្រ្តីជាន់ខ្ពស់ជាច្រើននៅលើនាវានោះ អាចបញ្ជាក់ថា វាមិនមែនគ្រាន់តែជាភារកិច្ចដ៏សាមញ្ញមួយនោះទេ។

ក្រសួងការពារជាតិ បានប្រាប់ថា នាវិកទាំង១៤នាក់ បានស្លាប់កាលពី ថ្ងៃចន្ទ ដោយសារតែស្រូបផ្សែងពុល បន្ទាប់ពីអគ្គិភ័យមួយ បានឆាបឆេះលើ “នាវាមុជទឹកសមុទ្រជ្រៅផ្នែកស្រាវជ្រាវវិទ្យាសាស្រ្ត” ដោយសិក្សាពីទីតាំងដីនៃបាតសមុទ្រ ក្នុងដែនទឹករុស្សី នាចុងភាគខាងជើងប្រទេស។

ទោះជាយ៉ាងណាក៏កាសែត Novaya Gazeta បានដកស្រង់សំដីពីប្រភពព័ត៌មានថា គ្រោះថ្នាក់នេះ កើតឡើងលើនាវាមុជទឹកខ្នាតតូចប្រើថាមពលនុយក្លេអ៊ែ AS-12 ដែលមានសមត្ថភាពមុជក្នុងទឹកជម្រៅជ្រៅខ្លាំង។

ហើយបើតាមអជ្ញាធរវិទ្យុសកម្មប្រទេសន័រវេស ប្រាប់កាសែត AFP ថា ប្រទេសរុស្សី បានជូនដំណឹងពីការផ្ទុះឧស្ម័នលើនាវាមុជទឹកនោះ ដែលជាការអះអាងមួយ បដិសេធន៍យ៉ាងឆាប់រហ័សដោយរដ្ឋធានី Moscow ។

នៅក្នុងឆ្នាំ 2011 នាវាមុជទឹកនុយក្លេអ៊ែរធំបំផុតមួយរបស់រុស្ស៊ី បានឆេះ ខណៈកំពុងជួសជុលនៅកំពង់ផែនៅតំបន់ Murmansk ភាគខាងជើង។ ក្រោយមក មានសេចក្តីរាយការណ៍មកថា នាវាមុជទឹកនោះ ត្រូវបានបំពាក់អាវុធមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ នៅពេលវាបានឆេះ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃពុធ។