បណ្តាញសង្គម

ទីក្រុងធំមួយរបស់ចិន ត្រៀមចេញបម្រាមយ៉ាងតឹងរ៉ឹងលើការជក់បារី ហើយបើមានការល្មើសនឹងទទួលពិន័យ

  (ប៉េកាំង)៖ ទីក្រុងឆ្នេរសមុទ្រ ឈិនហ័ងតាវ (Qinhuangdao) ដែលស្ថិតនៅខេត្តហេបៃ (Hebei) នៃតំបន់ឆ្នេរសមុទ្រ ភាគឦសានប្រទេសចិន បានដាក់បទបញ្ជាហាមប្រាម ការជក់បារីនៅក្នុង ទីសាធារណទាំងអស់ គិតចាប់ពីថ្ងៃទី០១ ខែសីហា ខាងមុខនេះតទៅ។

នេះបើយោងតាមរយៈការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួ នារសៀលថ្ងៃចន្ទ ទី០៨ ខែកក្តដា ឆ្នាំ២០១៩នេះ។ បទបញ្ញតិនេះ ក៏បានហាមឃាត់ ការជក់បារីនៅតាមទីកន្លែងខាងក្រៅ ចំនួន១១ប្រភេទផងដែរ ដែលរួមបញ្ចូលទាំងទីកន្លែងគោលដៅ ទេសចរណ៍នានា និងតំបន់ឆ្នេរសមុទ្រ។

ចំណែកឯ បារីអេឡិចត្រូនិច ក៏ត្រូវបានហាមឃាត់ដូចគ្នាដែរ។ បម្រាមដដែលបានចែងទៀតថា អ្នកជក់បារី ដែលមិនគោរពតាមបទបញ្ញតិ នឹងត្រូវរងការផាកពិន័យជាប្រាក់រហូតដល់២០០យ័ន ដែលមានតម្លៃប្រហែល ២៩ដុល្លារសហរដ្ឋអាមេរិក។ ចំណែកឯម្ចាស់ទីកន្លែង នឹងត្រូវផាកពិន័យជាប្រាក់រហូតដល់១,០០០យ័ន។

គួរជម្រាបថា ប្រទេសចិនបានដាក់គោលដៅ ក្នុងការកាត់បន្ថយអត្រាអ្នកជក់បារីឲ្យបាន២០% ក្នុងចំណោមមនុស្សដែលមានអាយុពី១៥ឆ្នាំឡើងទៅ នៅត្រឹមឆ្នាំ២០៣០ខាងមុខ។ នេះបើយោងតាមផែនការប្រទេសចិន ដើម្បីប្រជាជនមានសុខភាពល្អឆ្នាំ២០៣០ ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៦៕

ដកស្រង់ពី៖ Fresh News