បណ្តាញសង្គម

ស្លាប់៦នាក់ និងរងរបួស ៩៦នាក់ ដោយសារតែគ្រាប់បែកបង្កប់ក្នុងឡាន វាយប្រហារតំបន់កណ្តាលរបស់ប្រទេសអាហ្កានីស្ថាន

មានមនុស្សហោចណាស់៦នាក់ ត្រូវបានសម្លាប់ ហើយ៩៦នាក់ផ្សេងទៀត ត្រូវរងរបួសដោយសារតែគ្រាប់បែកបង្កប់ក្នុងឡានមួយ បានផ្ទុះរញ្ជួយទីក្រុងដែលទីរួមខេត្ត Ghazni របស់អាហ្កានីស្ថាន កាលពីថ្ងៃអាទិត្យ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលខេត្ត។

ការផ្ទុះ បានកើតឡើងនាម៉ោង៨កន្លះព្រឹក ម៉ោងក្នុងស្រុក ជាប់នឹងសាខាសន្តិសុខរបស់ប៉ូលីស ក្នុងទីក្រុង Ghazni នេះបើតាមមន្រ្តីប្រាប់ ដោយបន្ថែមថា អ្នកដែលត្រូវសម្លាប់ គឺមានបុគ្គលិកសន្តិសុខ២នាក់ និងជនស៊ីវិល៤រូប។

យោងតាមមន្រ្តីខាងលើ ជនស៊ីវិល៨៧នាក់ និងបុគ្គលិកសន្តិសុខ៩នាក់ បានរងរបួសក្នុងការបំផ្ទុះបង្ហូរឈាមនេះ ហើយអ្នកខ្លះឋិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកនាំពាក្យដែលដំបូងថា ចំនួនអ្នកស្លាប់មាន១២នាក់ បានប្រាប់កាសែតស៊ិនហួរថា ព័ត៌មានដំបូង គឺផ្អែកលើការគណនាមិនត្រឹមត្រូវ។

ទន្ទឹមនឹងនោះ ប្រធាននាយកដ្ឋានសុខាភិបាលក្នុងទីក្រុង Ghazni បានប្រាប់កាសែតស៊ិនហួរថា អ្នករងរបួស៧៥នាក់នោះភាគច្រើន គឺជាជនស៊ីវិល ដែលរួមមានសិស្ស ៣០នាក់ និងស្រ្តី៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។

ជនសកម្មប្រយុទ្ធតាលីបង់ បានអះអាងទទួលខុសត្រូវ ដោយនិយាយថា ក្រុមប្រដាប់អាវុធនោះ មានគោលដៅលើមូលដ្ឋានសន្តិសុខ ដោយសម្លាប់ និងបង្ករបួសដល់បុគ្គលិកសន្តិសុខមួយចំនួន។